4. ឬចាប់អារម្មណ៍នឹងរឿងព្រេង និងបញ្ជីវង្សត្រកូលដែលមិនចេះចប់មិនចេះហើយនោះឡើយ ព្រោះរឿងទាំងនោះធ្វើឲ្យមានការជជែកដេញដោលគ្នាជាជាងការបម្រើព្រះជាម្ចាស់ដោយជំនឿ។
5. គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត
6. ដ្បិតអ្នកខ្លះបានវង្វេងចេញពីសេចក្ដីទាំងនេះ ហើយបែរទៅរកការនិយាយឥតប្រយោជន៍វិញ
7. ពួកគេចង់ធ្វើជាគ្រូគម្ពីរវិន័យ ប៉ុន្ដែពួកគេមិនយល់សេចក្ដីដែលពួកគេនិយាយ ឬសេចក្ដីដែលពួកគេអះអាងផង។
8. យើងដឹងថាគម្ពីរវិន័យល្អ បើគេប្រើបានត្រឹមត្រូវ
9. យើងក៏ដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សល្មើសច្បាប់ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ មនុស្សបាប មនុស្សមិនបរិសុទ្ធ មនុស្សប្រមាថព្រះជាម្ចាស់ មនុស្សសម្លាប់ឪពុកម្ដាយ មនុស្សសម្លាប់គេ
10. មនុស្សប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនត្រឹមត្រូវ
11. ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។
12. ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ
13. ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
14. ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំយ៉ាងច្រើនហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។
15. ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
16. ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។
17. សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយដែលមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្ដិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
18. ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ