គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 5:11-26 Khmer Christian Bible (KCB)

11. ដូច្នេះ​ ចូរ​កម្សាន្ដ​ចិត្ដ​គ្នា​ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ដែល​អ្នក​រាល់គ្នា​កំពុង​ធ្វើ​ស្រាប់។​

12. ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​អង្វរ​អ្នក​រាល់គ្នា​ ចូរ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ទាំង​ដឹកនាំ​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​ និង​ដាស់​តឿន​អ្នក​រាល់គ្នា​

13. រួច​ចូរ​ឲ្យ​តម្លៃ​អ្នក​ទាំង​នោះ​ខ្ពស់​បំផុត​ដោយ​សេចក្ដី​ស្រឡាញ់​ ព្រោះ​តែ​កិច្ចការ​របស់​ពួកគេ។​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ចុះ។​

14. បងប្អូន​អើយ!​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ថា​ ចូរ​ព្រមាន​អស់​អ្នក​ដែល​គ្មាន​សណ្ដាប់​ធ្នាប់​ ចូរ​លើក​ទឹកចិត្ដ​អស់​អ្នក​ដែល​បាក់​ទឹកចិត្ដ​ ចូរ​ជួយ​ទ្រទ្រង់​អស់​អ្នក​ដែល​ខ្សោយ​ និង​មាន​ចិត្ដ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។​

15. ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​អាក្រក់​តប​ស្នង​អំពើ​អាក្រក់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ខំ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​ជានិច្ច​ និង​ដល់​មនុស្ស​ទាំង​អស់។​

16. ចូរ​អរ​សប្បាយ​ជានិច្ច!​

17. ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ!​

18. ចូរ​អរព្រះគុណ​ព្រះជាម្ចាស់​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

19. កុំ​ពន្លត់​ព្រះវិញ្ញាណ​

20. កុំ​មើល​ងាយ​ការ​ថ្លែង​ព្រះបន្ទូល​

21. ប៉ុន្ដែ​ចូរ​ពិសោធ​គ្រប់​ការ​ទាំង​អស់​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​

22. ចូរ​ចៀសវាង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង។​

23. សូម​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង​ ហើយ​រក្សា​ព្រលឹង​ វិញ្ញាណ​ និង​រូបកាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​ឥត​បន្ទោស​បាន​ រហូត​ដល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក។​

24. ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ ព្រះអង្គ​ស្មោះត្រង់​ ហើយ​ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​មិន​ខាន។​

25. បងប្អូន​អើយ!​ សូម​អធិស្ឋាន​សម្រាប់​យើង​ផង‍។​

26. ចូរ​ជម្រាបសួរ​បងប្អូន​ទាំង​អស់​ដោយ​ការ​ថើប​បរិសុទ្ធ​ចុះ។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 5