គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 3:6-13 Khmer Christian Bible (KCB)

6. ឥឡូវ​នេះ​ ធីម៉ូថេ​បាន​ត្រលប់​ពី​អ្នក​រាល់គ្នា​ មក​ឯ​យើង​វិញ​ហើយ​ ព្រមទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង​អំពី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ហើយ​ថា​អ្នក​រាល់គ្នា​តែងតែ​នឹកចាំ​យ៉ាង​ល្អ​អំពី​យើង​ជានិច្ច​ ដោយ​ចង់​ជួប​យើង​ដូច​ជា​យើង​ចង់​ជួប​អ្នក​រាល់គ្នា​ដែរ‍។​

7. ដូច្នេះ​ បងប្អូន​អើយ!​ នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខព្រួយ​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​ពី​អ្នក​រាល់គ្នា​ដោយសារ​ជំនឿ​របស់​អ្នក​រាល់គ្នា​

8. ដ្បិត​ឥឡូវ​នេះ​យើង​រស់​ បើ​សិន​អ្នក​រាល់គ្នា​ឈរ​មាំមួន​នៅ​ក្នុង​ព្រះអម្ចាស់។​

9. តើ​យើង​អាច​អរព្រះគុណ​ព្រះជាម្ចាស់​ដូច​ម្ដេច​អំពី​អ្នក​រាល់គ្នា​ សម្រាប់​គ្រប់​ទាំង​អំណរ​ដែល​យើង​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង?​

10. យើង​ទូល​អង្វរ​អស់​ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ សូម​ឲ្យ​បាន​ជួប​មុខ​អ្នក​រាល់គ្នា​ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់គ្នា។​

11. សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​ បើក​ផ្លូវ​ឲ្យ​យើង​បាន​មក​ជួប​អ្នក​រាល់គ្នា។​

12. សូម​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ឡើង​ ហើយ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​ដល់​មនុស្ស​ទាំង​អស់​ដូច​ដែល​យើង​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​

13. និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 3