1. តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ទេឬ?
2. ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទីជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។
3. ខ្ញុំសូមឆ្លើយការពារទៅកាន់ពួកអ្នកដែលកំពុងចោទប្រកាន់ខ្ញុំដូច្នេះថា
4. តើយើងគ្មានសិទ្ធិស៊ីផឹកទេឬ?
5. តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ?
6. តើខ្ញុំ និងលោកបារណាបាសគ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ?
7. មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។
8. ខ្ញុំនិយាយសេចក្ដីទាំងនេះមិនមែនតាមបែបមនុស្សទេ ហើយតើគម្ពីរវិន័យមិនបាននិយាយអំពីសេចក្ដីទាំងនេះដែរទេឬ?
9. ដ្បិតនៅក្នុងគម្ពីររបស់លោកម៉ូសេបានចែងថា៖ «កុំឃ្លុំមាត់គោ ពេលកំពុងបញ្ជាន់ស្រូវ»។ ព្រះជាម្ចាស់មិនខ្វល់ពីសត្វគោទេ
10. ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវ គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងទទួលបានចំណែក
11. បើយើងសាបព្រោះរបស់ខាងវិញ្ញាណដល់អ្នករាល់គ្នា ហើយច្រូតយករបស់ខាងសាច់ឈាមពីអ្នករាល់គ្នាវិញ តើហួសហេតុពេកឬ?
12. បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។
13. អ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកធ្វើការបម្រើព្រះវិហារ គេបរិភោគអាហារពីព្រះវិហារ រីឯពួកអ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ គេក៏បានទទួលចំណែកពីកន្លែងថ្វាយតង្វាយដែរ
14. ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។
15. ប៉ុន្ដែខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យបានយ៉ាងនោះដល់ខ្ញុំដែរ ដ្បិតខ្ញុំសុខចិត្ដស្លាប់ប្រសើរជាងឲ្យអ្នកណាម្នាក់បង្ខូចកិត្ដិយសរបស់ខ្ញុំ
16. ថ្វីបើខ្ញុំប្រកាសដំណឹងល្អ ប៉ុន្ដែខ្ញុំគ្មានអំនួតទេ ព្រោះជាកាតព្វកិច្ចដល់ខ្ញុំ បើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះខ្ញុំវេទនាហើយ