គម្ពីរសញ្ញាថ្មី

១ កូរិនថូស 9:1-15 Khmer Christian Bible (KCB)

1. តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ?​ ​តើ​ខ្ញុំ​មិន​មែន​ជា​សាវក​ទេ​ឬ?​ ​តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ឬ?​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​ស្នា​ដៃ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ?​

2. ទោះបី​ខ្ញុំ​មិន​មែន​ជា​សាវក​សម្រាប់​អ្នក​ដទៃ​ក៏ដោយ​ ក៏​ខ្ញុំ​ជា​សាវក​សម្រាប់​អ្នក​រាល់គ្នា​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ជា​ត្រា​សំគាល់​តួ​នាទី​ជា​សាវក​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់‍។​

3. ខ្ញុំ​សូម​ឆ្លើយ​ការពារ​ទៅ​កាន់​ពួកអ្នក​ដែល​កំពុង​ចោទ​ប្រកាន់​ខ្ញុំ​ដូច្នេះ​ថា​

4. តើ​យើង​គ្មាន​សិទ្ធិ​ស៊ី​ផឹក​ទេ​ឬ?​

5. តើ​យើង​គ្មាន​សិទ្ធិ​នាំ​ប្រពន្ធ​ដែល​ជា​អ្នកជឿ​ទៅ​ជាមួយ​ដូចជា​ពួក​សាវក​ផ្សេង​ទៀត​ ឬ​ដូចជា​បងប្អូន​របស់​ព្រះអម្ចាស់​ និង​ដូចជា​លោក​កេផាស​ទេ​ឬ?​

6. តើ​ខ្ញុំ​ និង​លោក​បារណាបាស​គ្មាន​សិទ្ធិ​ឈប់​រកស៊ី​ចិញ្ចឹម​ជីវិត​ទេ‍ឬ?​

7. មិន​ដែល​មាន​អ្នកណា​ធ្វើ​ទាហាន​ ហើយ​បើក​ប្រាក់​ខែ​ពី​ខ្លួន​ឯង​ទេ​ ក៏​មិន​ដែល​មាន​អ្នកណា​ដាំ​ទំពាំង​បាយជូរ​នៅ​ចម្ការ​ ហើយ​មិន​បាន​បរិភោគ​ផ្លែ​វា​ដែរ​ រួច​ក៏​មិន​ដែល​មាន​អ្នកណា​ឃ្វាល​ហ្វូង​សត្វ​ ហើយ​មិន​បាន​ផឹក​ទឹក​ដោះ​របស់​វា​ឡើយ‍។​

8. ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​មិន​មែន​តាម​បែប​មនុស្ស‍​ទេ​ ហើយ​តើ​គម្ពីរ​វិន័យ​មិន​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ដែរទេ​ឬ?​

9. ដ្បិត​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​បាន​ចែង​ថា៖​ «កុំ​ឃ្លុំ​មាត់​គោ​ ពេល​កំពុង​បញ្ជាន់​ស្រូវ»។​ ព្រះជាម្ចាស់​មិន​ខ្វល់​ពី​សត្វ​គោ​ទេ​

10. ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​យើង​ទាំង​អស់​គ្នា​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​សម្រាប់​យើង​ថា​ អ្នក​ភ្ជួរ​រាស់​គួរតែ​ភ្ជួរ​រាស់​ដោយ​សង្ឃឹម​ រីឯ​អ្នក​បញ្ជាន់​ស្រូវ​ ​គួរ​តែ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចំណែក​

11. បើ​យើង​សាប​ព្រោះ​របស់​ខាង​វិញ្ញាណ​ដល់​អ្នក​រាល់គ្នា​ ហើយ​ច្រូត​យក​របស់​ខាង​សាច់ឈាម​ពី​អ្នក​រាល់គ្នា​វិញ​ តើ​ហួស​ហេតុ​ពេក​ឬ?​

12. បើ​អ្នក​ដទៃ​មាន​សិទ្ធិ​លើ​អ្នក​រាល់គ្នា​ នោះ​តើ​យើង​មិន​កាន់តែ​មាន​សិទ្ធិ​លើស​គេ​ទេ‍ឬ​ ក៏ប៉ុន្ដែ​យើង​មិន​បាន​ប្រើ​សិទ្ធិ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​ទ្រាំ​គ្រប់​បែប​យ៉ាង​ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ណា​មួយ​ដល់​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ឡើយ‍។​

13. អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ ពួកអ្នក​ធ្វើ​ការ​បម្រើ​ព្រះវិហារ​ គេ​បរិភោគ​អាហារ​ពី​ព្រះវិហារ​ រីឯ​ពួកអ្នក​រង់​ចាំ​បម្រើ​កន្លែង​ថ្វាយ​តង្វាយ​ គេ​ក៏​បាន​ទទួល​ចំណែក​ពី​កន្លែង​ថ្វាយ​តង្វាយ​ដែរ​

14. ហើយ​ព្រះអម្ចាស់​បាន​បង្គាប់​ដែរ​ថា​ ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​ត្រូវ​រស់នៅ​ដោយសារ​ដំណឹង​ល្អ។​

15. ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​បាន​យ៉ាង​នោះ​ដល់​ខ្ញុំ​ដែរ​ ដ្បិត​ខ្ញុំ​សុខចិត្ដ​ស្លាប់​ប្រសើរ​ជាង​ឲ្យ​អ្នកណា​ម្នាក់​បង្ខូច​កិត្ដិយស​របស់​ខ្ញុំ​

សូមអានជំពូកពេញលេញ ១ កូរិនថូស 9