គម្ពីរសញ្ញាថ្មី

១ កូរិនថូស 7:8-24 Khmer Christian Bible (KCB)

8. ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​ដល់​ពួកអ្នក​នៅ​លីវ​ និង​ពួក​ស្រ្ដី​មេម៉ាយ​ថា​ ប្រសិនបើ​ពួកគេ​នៅ​ដូចជា​ខ្ញុំ​បាន​ នោះ​ប្រសើរ​សម្រាប់​ពួកគេ​ហើយ​

9. ប៉ុន្ដែ​ប្រសិនបើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ​ ចូរ​រៀបការ​ចុះ​ ព្រោះ​បើ​រៀបការ​ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​តណ្ហា​ដុត​រោល​

10. ប៉ុន្ដែ​ចំពោះ​ពួកអ្នក​ដែល​រៀបការ​ហើយ​ ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់​ មិន​មែន​ខ្ញុំ​ទេ​ គឺ​ថា​ ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្ដី​ឡើយ​

11. ប៉ុន្ដែ​បើ​នាង​ត្រូវ​បែក​ពី​ប្ដី​មែន​ ចូរ​ឲ្យ​នាង​រស់នៅ​ដោយ​មិន​រៀបការ​ទៀត​ ឬ​ត្រូវ​ផ្សះផ្សា​ជាមួយ​ប្ដី​វិញ​ រីឯ​ប្ដី​មិន​ត្រូវ​បោះបង់​ប្រពន្ធ​ឡើយ​

12. ប៉ុន្ដែ​សម្រាប់​អ្នក‍​ផ្សេង​ទៀត​ ខ្ញុំ​សូម​ប្រាប់​ថា​ សេចក្ដី​នេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​ គឺ​ខ្ញុំ​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​ជឿ​ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយ​គាត់​ ចូរ​កុំ​បោះបង់​នាង​ឡើយ​

13. រីឯ​ប្រពន្ធ​វិញ​ បើ​មាន​ប្ដី​ដែល​មិន​ជឿ​ ហើយ​បុរស​នោះ​ពេញចិត្ដ​រស់នៅ​ជាមួយ​នាង​ ចូរ​កុំ​បោះបង់​ប្ដី​ឡើយ​

14. ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​

15. ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​

16. ឱ​ស្រ្ដី​ជា​ប្រពន្ធ​អើយ‍!​ តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា​ អ្នក​នឹង​សង្គ្រោះ​ប្ដី​របស់​អ្នក​បាន?​ ឱ​បុរស​ជា​ប្ដី​អើយ‍!​ តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា​ អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក​បាន‍?​

17. ​ចូរ​ឲ្យ​ម្នាក់ៗ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ម្នាក់ៗ​ចុះ​ ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។​

18. អ្នកណា​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​នៅ​ពេល​កាត់ស្បែក​រួច​ហើយ​ ចូរ​កុំ​ឲ្យ​អ្នក​នោះ​បំបាត់​ស្នាម​ឡើយ​ រីឯ​អ្នកណា​ដែល​ព្រះជាម្ចាស់ត្រាស់ហៅ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​ ចូរ​កុំ​ឲ្យ​កាត់ស្បែក​ឡើយ​

19. ការ​កាត់ស្បែក​ ឬ​ការ​មិន​កាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ​ ប៉ុន្ដែ​ការ​ដែល​សំខាន់​ គឺ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​

20. ព្រះជាម្ចាស់​ត្រាស់ហៅ​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ​

21. តើ​ព្រះជាម្ចាស់​ត្រាស់ហៅ​អ្នក​ ពេល​អ្នក​ជា​បាវបម្រើ​ឬ?​ ចូរ​កុំ​ខ្វល់​ឡើយ​ ប៉ុន្ដែបើ​អ្នក​អាច​ត្រលប់​ជា​មាន​សេរីភាព​បាន​ នោះ​ចូរ​ធ្វើ​ចុះ​

22. ដ្បិត​នៅ​ក្នុង​ព្រះអម្ចាស់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ នៅ​ពេល​ជា​បាវបម្រើ​ អ្នក​នោះ​ជា​អ្នក​មាន​សេរីភាព​របស់​ព្រះអម្ចាស់​ ដូចគ្នា​ដែរ​ អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ ​នៅពេល​ជា​អ្នក​មាន​សេរីភាព​ អ្នក​នោះ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​

23. ព្រះអង្គ​បាន​បង់​ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ចូរ​កុំ​ធ្វើ​ជា​បាវបម្រើ​របស់​មនុស្ស​ទៀត​ឡើយ​

24. បងប្អូន​អើយ!​ ព្រះជាម្ចាស់​ត្រាស់ហៅ​បងប្អូន​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ‍​ នៅ​ចំពោះ​ព្រះជាម្ចាស់។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 7