3. ប្ដីត្រូវបំពេញកាតព្វកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីខ្លួនវិញដែរ
4. ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ
5. កុំឲ្យបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមជាមួយគ្នា ដើម្បីញែកពេលមួយអធិស្ឋាន រួចហើយត្រូវនៅជាមួយគ្នាវិញ ក្រែងលោអារក្សសាតាំងល្បួងអ្នករាល់គ្នាដោយព្រោះតែទប់ចិត្ដមិនបាន
6. ប៉ុន្ដែខ្ញុំនិយាយបែបនេះទុកជាយោបល់ មិនមែនទុកជាសេចក្ដីបង្គាប់ឡើយ
7. ខ្ញុំចង់ឲ្យមនុស្សទាំងអស់ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ
8. ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្ដីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ
9. ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល
10. ប៉ុន្ដែចំពោះពួកអ្នកដែលរៀបការហើយ ខ្ញុំសូមដាស់តឿនតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្ដីឡើយ
11. ប៉ុន្ដែបើនាងត្រូវបែកពីប្ដីមែន ចូរឲ្យនាងរស់នៅដោយមិនរៀបការទៀត ឬត្រូវផ្សះផ្សាជាមួយប្ដីវិញ រីឯប្ដីមិនត្រូវបោះបង់ប្រពន្ធឡើយ
12. ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ
13. រីឯប្រពន្ធវិញ បើមានប្ដីដែលមិនជឿ ហើយបុរសនោះពេញចិត្ដរស់នៅជាមួយនាង ចូរកុំបោះបង់ប្ដីឡើយ
14. ដ្បិតប្ដីដែលមិនជឿត្រូវបានញែកជាបរិសុទ្ធដោយសារប្រពន្ធ រីឯប្រពន្ធដែលមិនជឿក៏ត្រូវបានញែកជាបរិសុទ្ធដោយសារប្ដីដែរ បើមិនដូច្នោះទេ កូនរបស់អ្នករាល់គ្នាមិនបរិសុទ្ធឡើយ ប៉ុន្ដែពេលនេះពួកគេបរិសុទ្ធហើយ
15. ផ្ទុយទៅវិញ បើអ្នកមិនជឿចង់បែកដោយខ្លួនឯង ចូរឲ្យគេបែកចុះ នោះបងប្អូនប្រុសស្រីមិនជាប់នៅក្នុងចំណងបែបនេះទៀតឡើយ ប៉ុន្ដែព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសេចក្ដីសុខសាន្ត។
16. ឱស្រ្ដីជាប្រពន្ធអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្ដីរបស់អ្នកបាន? ឱបុរសជាប្ដីអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកបាន?
17. ចូរឲ្យម្នាក់ៗរស់នៅដូចដែលព្រះអម្ចាស់បានចែកឲ្យ និងដូចដែលព្រះអម្ចាស់បានត្រាស់ហៅម្នាក់ៗចុះ ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំទាំងអស់។
18. អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ
19. ការកាត់ស្បែក ឬការមិនកាត់ស្បែកមិនសំខាន់អ្វីឡើយ ប៉ុន្ដែការដែលសំខាន់ គឺធ្វើតាមបញ្ញត្ដិរបស់ព្រះជាម្ចាស់
20. ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ