29. បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះអ្នកមានប្រពន្ធគួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ
30. អ្នកយំសោកដូចជាមិនយំសោក អ្នកត្រេកអរដូចជាមិនត្រេកអរ ហើយអ្នកដែលទិញដូចជាមិនមានអ្វីសោះ
31. រីឯអ្នកដែលប្រើលោកិយដូចជាមិនបានប្រើសោះ ដ្បិតលោកិយនាពេលបច្ចុប្បន្ននេះនឹងកន្លងផុតទៅ
32. ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយទេ អ្នកដែលគ្មានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ គឺធ្វើយ៉ាងណាឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ប៉ុណ្ណោះ
33. រីឯអ្នកដែលមានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្រពន្ធប៉ុណ្ណោះ
34. ហើយគេមានចិត្ដបែងចែក។ រីឯស្រ្ដីដែលគ្មានប្ដី និងស្រីក្រមុំវិញ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យនាងបានបរិសុទ្ធទាំងរូបកាយ និងវិញ្ញាណ ប៉ុន្ដែស្រ្ដីដែលមានប្ដី គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្ដីប៉ុណ្ណោះ។
35. ខ្ញុំនិយាយបែបនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នាផ្ទាល់ មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺនិយាយអំពីអ្វីដែលថ្លៃថ្លា និងការបម្រើព្រះអម្ចាស់ដោយគ្មានកង្វល់
36. ប៉ុន្ដែបើអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្ដមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្លួន ហើយបើនាងហួសវ័យ ចូរឲ្យគាត់ធ្វើតាមបំណងរបស់គាត់ចុះ គឺរៀបការនឹងនាង ដ្បិតគាត់មិនធ្វើបាបទេ។
37. ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ
38. ដូច្នេះ អ្នកដែលរៀបការនឹងគូដណ្ដឹង នោះធ្វើបានប្រសើរហើយ ប៉ុន្ដែអ្នកដែលមិនរៀបការ នោះធ្វើបានកាន់តែប្រសើរជាង។
39. ដរាបណាប្ដីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្ដី ប៉ុន្ដែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ
40. ប៉ុន្ដែតាមយោបល់របស់ខ្ញុំ បើនាងនៅដូច្នោះបាន នោះមានពរជាង ហើយខ្ញុំយល់ឃើញថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។