1. ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ ជាការប្រសើរដែលមនុស្សប្រុសមិនប៉ះពាល់ស្រី
2. ប៉ុន្ដែដើម្បីចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធជារបស់ខ្លួនចុះ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្តីជារបស់ខ្លួនដែរ
3. ប្ដីត្រូវបំពេញកាតព្វកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីខ្លួនវិញដែរ
4. ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ
5. កុំឲ្យបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមជាមួយគ្នា ដើម្បីញែកពេលមួយអធិស្ឋាន រួចហើយត្រូវនៅជាមួយគ្នាវិញ ក្រែងលោអារក្សសាតាំងល្បួងអ្នករាល់គ្នាដោយព្រោះតែទប់ចិត្ដមិនបាន
6. ប៉ុន្ដែខ្ញុំនិយាយបែបនេះទុកជាយោបល់ មិនមែនទុកជាសេចក្ដីបង្គាប់ឡើយ
7. ខ្ញុំចង់ឲ្យមនុស្សទាំងអស់ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ
8. ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្ដីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ
9. ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល
10. ប៉ុន្ដែចំពោះពួកអ្នកដែលរៀបការហើយ ខ្ញុំសូមដាស់តឿនតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្ដីឡើយ
11. ប៉ុន្ដែបើនាងត្រូវបែកពីប្ដីមែន ចូរឲ្យនាងរស់នៅដោយមិនរៀបការទៀត ឬត្រូវផ្សះផ្សាជាមួយប្ដីវិញ រីឯប្ដីមិនត្រូវបោះបង់ប្រពន្ធឡើយ
12. ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ