8. ដ្បិតអ្នករាល់គ្នាក៏ធ្វើខុស ហើយក៏គៃបន្លំដែរ គឺធ្វើបែបនេះដល់បងប្អូនឯងទៀតផង។
9. ឬមួយអ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកទេឬ ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ទាំងមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា
10. ពួកចោរ ពួកមនុស្សលោភ ពួកមនុស្សប្រមឹក ពួកប្រមាថគេ ព្រមទាំងពួកមនុស្សបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកឡើយ
11. ហើយបងប្អូនខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង
12. ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់ ប៉ុន្ដែមិនមែនអ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែខ្ញុំមិនឲ្យអ្វីមួយគ្រប់គ្រងលើខ្ញុំបានឡើយ។
13. អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
14. ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញនឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ
15. តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត
16. ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្រ្តីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រលប់ជារូបកាយតែមួយ»
17. រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ក៏មានវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។
18. ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្ដែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ
19. ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ