គម្ពីរសញ្ញាថ្មី

១ កូរិនថូស 6:1-11 Khmer Christian Bible (KCB)

1. បើ​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ ម្ដេច​ក៏​ហ៊ាន​ឲ្យ​គេ​ជំនុំជម្រះ​នៅ​ចំពោះ​មុខ​មនុស្ស​ទុច្ចរិត​ ប៉ុន្ដែ​មិន​ហ៊ាន​នៅ​ចំពោះ​មុខ​ពួក​បរិសុទ្ធ​ដូច្នេះ​

2. ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ពួក​បរិសុទ្ធ​នឹង​ជំនុំជម្រះ​លោកិយ​នេះ​ ដូច្នេះ​បើ​លោកិយ​នេះ​ត្រូវ​អ្នក​រាល់គ្នា​ជំនុំជម្រះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​គ្មាន​សមត្ថភាព​ក្នុង​ការ​ជំនុំជម្រះ​រឿង​កំប៉ិច​កំប៉ុក​ឬ?​

3. តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ យើង​នឹង​ជំនុំជម្រះ​ពួក​ទេវតា​ដែរ​ កុំ​ថា​ឡើយ​បញ្ហា​នៃ​ជីវិត​នេះ។​

4. ចុះ​បើ​អ្នក​រាល់គ្នា​មាន​រឿង​ក្តី​នៅ​ក្នុង​ជីវិត​នេះ​មែន​ តើ​អ្នក​រាល់គ្នា​ឲ្យ​ពួកអ្នក​ដែល​ក្រុមជំនុំ​មើលងាយ​កាត់​ក្ដី​ឲ្យ​ឬ?​

5. ​ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស‍។​ តើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ឈ្លាស​វៃ​អាច​នឹង​ជំនុំជម្រះ​ឲ្យ​បងប្អូន​ឯង​បាន​ទេ​ឬ?​

6. ​គឺ​បងប្អូន​ប្ដឹងផ្ដល់​បងប្អូន​ឯង​ ហើយ​នៅ​ចំពោះ​មុខ​អ្នក​មិន​ជឿ​ទៀត​

7. ដូច្នេះ​កាល​អ្នក​រាល់គ្នា​មាន​រឿងក្ដី​នឹង​គ្នា​ឯង​ នោះ​អ្នក​រាល់គ្នា​មាន​កំហុស​ទាំង​ស្រុង​រួច​ទៅ​ហើយ‍។​ ហេតុអ្វី​មិន​ឲ្យ​គេ​ធ្វើ​ខុស​លើ​ទៅ​ ហេតុអ្វី​មិន​ឲ្យ​គេ​គៃបន្លំ​លើ​ទៅ​

8. ដ្បិត​អ្នក​រាល់គ្នា​ក៏​ធ្វើ​ខុស​ ហើយ​ក៏​គៃបន្លំ​ដែរ​ គឺ​ធ្វើ​បែប​នេះ​ដល់​បងប្អូន​ឯង​ទៀត​ផង។​

9. ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា

10. ពួក​ចោរ​ ពួក​មនុស្ស​លោភ​ ពួក​មនុស្ស​ប្រមឹក​ ពួក​ប្រមាថ​គេ​ ព្រមទាំង​ពួក​មនុស្ស​បោកប្រាស់​ នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ​

11. ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​

សូមអានជំពូកពេញលេញ ១ កូរិនថូស 6