1. ដូច្នេះ ចូរឲ្យមនុស្សរាប់យើងទុកដូចជាអ្នកបម្រើរបស់ព្រះគ្រិស្ដ និងជាអ្នកមើលខុសត្រូវលើសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់
2. លើសពីនេះ ត្រូវរកឲ្យឃើញថា អ្នកមើលខុសត្រូវជាមនុស្សម្នាក់ស្មោះត្រង់
3. ប៉ុន្ដែវាជារឿងតូចតាចទេសម្រាប់ខ្ញុំ ដែលត្រូវអ្នករាល់គ្នា ឬអ្នកណាម្នាក់នៅសម័យនេះវិនិច្ឆ័យនោះ ដ្បិតខ្ញុំមិនវិនិច្ឆ័យខ្លួនឯងទេ
4. ព្រោះខ្ញុំយល់ឃើញថាខ្ញុំគ្មានខុសអ្វីទេ ប៉ុន្ដែខ្ញុំមិនបានរាប់ជាសុចរិតដោយសារការនេះឡើយ គឺព្រះអម្ចាស់ទេជាអ្នកវិនិច្ឆ័យខ្ញុំ
5. ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។
6. បងប្អូនអើយ! ខ្ញុំបានប្រើសេចក្ដីទាំងនេះអំពីខ្ញុំ និងលោកអ័ប៉ុឡូសជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នារៀនតាមយើងពីសេចក្ដីដែលថា កុំឲ្យហួសពីសេចក្ដីដែលបានចែងទុក ដើម្បីកុំឲ្យអ្នករាល់គ្នាអួតអំពីមនុស្សម្នាក់ទាស់នឹងមនុស្សម្នាក់ទៀតឡើយ
7. ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ?