8. ឯអ្នកដាំ និងអ្នកស្រោចទឹកដូចគ្នាទេ គឺម្នាក់ៗនឹងទទួលបានរង្វាន់តាមពលកម្មរបស់ខ្លួន
9. ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។
10. ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំ ខ្ញុំបានចាក់គ្រឹះដូចជាជាងដ៏ចំណានម្នាក់ ហើយមានអ្នកផ្សេងទៀតសង់ពីលើនោះ ប៉ុន្ដែម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់លើគ្រឹះនោះ
11. ដ្បិតគ្មានអ្នកណាម្នាក់អាចចាក់គ្រឹះផ្សេងទៀតបានទេ ក្រៅពីគ្រឹះដែលបានចាក់រួចហើយ គឺជាព្រះយេស៊ូគ្រិស្ដ។
12. បើអ្នកណាម្នាក់យកមាស ប្រាក់ ត្បូងដ៏មានតម្លៃ ឈើ ចំបើង ឬស្បូវ មកសង់លើគ្រឹះនោះ
13. កិច្ចការរបស់គេម្នាក់ៗនឹងបង្ហាញឲ្យឃើញ ដ្បិតនឹងធ្វើឲ្យដឹងច្បាស់នៅថ្ងៃចុងក្រោយ ពីព្រោះកិច្ចការនោះត្រូវបង្ហាញឲ្យឃើញតាមរយៈភ្លើង គឺភ្លើងនឹងពិសោធកិច្ចការរបស់គេម្នាក់ៗឲ្យឃើញជាយ៉ាងណា
14. បើកិច្ចការរបស់អ្នកណាម្នាក់ដែលបានសង់លើគ្រឹះ នៅស្ថិតស្ថេរ អ្នកនោះនឹងទទួលបានរង្វាន់
15. បើកិច្ចការរបស់អ្នកណាម្នាក់ត្រូវឆេះអស់ អ្នកនោះនឹងត្រូវខាតបង់វិញ ប៉ុន្ដែខ្លួនគាត់នឹងទទួលបានសេចក្ដីសង្គ្រោះដូចជាទើបឆ្លងកាត់ភ្លើងដូច្នេះដែរ
16. តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា?
17. បើអ្នកណាម្នាក់បំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់បរិសុទ្ធ គឺជាអ្នករាល់គ្នានេះហើយ។
18. ចូរកុំបញ្ឆោតខ្លួនឯងឡើយ បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញានៅក្នុងលោកិយនេះ ចូរឲ្យអ្នកនោះត្រលប់ជាល្ងង់ខ្លៅចុះ ដើម្បីឲ្យគាត់មានប្រាជ្ញា