គម្ពីរសញ្ញាថ្មី

១ កូរិនថូស 15:8-18 Khmer Christian Bible (KCB)

8. ចុងក្រោយ​បំផុត​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំឃើញ​ដែរ​ សូម្បី​តែ​ខ្ញុំ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​

9. ដ្បិត​ក្នុង​ចំណោម​ពួក​សាវក​ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​ ហើយ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅ​ថា​ជា​សាវក​ផង​ ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​

10. ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​ នោះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​ទាំង​នោះទៅទៀត​ ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ​ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ‍។​

11. ទោះបី​ខ្ញុំ​ក្ដី​ ឬ​អ្នក​ទាំង​នោះ​ក្ដី​ យើង​ប្រកាស​ដំណឹង​ល្អ​នោះ​ ហើយ​អ្នក​រាល់គ្នា​ក៏​ជឿ​លើ​ដំណឹង​ល្អ​នោះ​ដែរ។​

12. ​បើ​មាន​ការ​ប្រកាស​ថា​ ព្រះគ្រិស្ដ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ហេតុអ្វី​បាន​ជា​អ្នក​ខ្លះ​ក្នុង​ចំណោម‍​អ្នក​រាល់គ្នា​និយាយ​ដូច្នេះ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់?​

13. បើ​គ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់​ទេ​ នោះ​ព្រះគ្រិស្ដ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ​

14. ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ​ នោះ​ការ​ប្រកាស​ដំណឹង​ល្អ​របស់​យើង​ឥត​ប្រយោជន៍​សោះ​ ហើយ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ឥត​ប្រយោជន៍​ដែរ​

15. លើស​ពី​នេះ​ទៀត​ បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន​ ក៏​ឃើញ​ថា​ ​យើង​ជា​សាក្សី​ក្លែងក្លាយ​អំពី​ព្រះជាម្ចាស់​ដែរ​ ព្រោះ​យើង​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះជាម្ចាស់​ថា​ ព្រះអង្គ​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ដែល​ព្រះអង្គ​មិន​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ផង​នោះ​

16. ដ្បិត​បើ​ពួក​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​ នោះ​ព្រះគ្រិស្ដ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ​

17. ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​មែន​ នោះ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​គ្មាន​ប្រយោជន៍​សោះ​ ហើយ​អ្នក​រាល់គ្នា​នៅ​ក្នុង​បាប​របស់​អ្នក​រាល់គ្នា​ដដែល​

18. បើ​ដូច្នេះ​មែន​ ពួកអ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​ក៏​វិនាស​ដែរ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 15