5. ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ
6. ក្រោយមក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ
7. បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។
8. ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ
9. ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់
10. ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។
11. ទោះបីខ្ញុំក្ដី ឬអ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អនោះ ហើយអ្នករាល់គ្នាក៏ជឿលើដំណឹងល្អនោះដែរ។
12. បើមានការប្រកាសថា ព្រះគ្រិស្ដបានមានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយដូច្នេះថា គ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់?
13. បើគ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់ទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ
14. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ នោះការប្រកាសដំណឹងល្អរបស់យើងឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ
15. លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ
16. ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ
17. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាក៏គ្មានប្រយោជន៍សោះ ហើយអ្នករាល់គ្នានៅក្នុងបាបរបស់អ្នករាល់គ្នាដដែល
18. បើដូច្នេះមែន ពួកអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ដក៏វិនាសដែរ។
19. ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដ តែនៅក្នុងជីវិតនេះ នោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត
20. ប៉ុន្ដែឥឡូវនេះ ព្រះគ្រិស្ដមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញមែន គឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ