41. ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ
42. ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។
43. រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច
44. រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។
45. ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត
46. ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។
47. មនុស្សទីមួយកើតមកពីធូលីដី ប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។
48. មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរ ហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។
49. យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។
50. បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា សាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់ទុកជាមរតកបានឡើយ ហើយភាពពុករលួយក៏មិនអាចទទួលភាពមិនពុករលួយទុកជាមរតកបានដែរ។
51. មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងមួយថា យើងទាំងអស់គ្នានឹងមិនស្លាប់ទេ ព្រោះយើងនឹងត្រូវផ្លាស់ប្រែទាំងអស់គ្នា
52. ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ
53. ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់
54. ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ
55. ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?»
56. ដ្បិតទ្រនិចរបស់សេចក្ដីស្លាប់ជាបាប ហើយអំណាចរបស់បាបជាក្រឹត្យវិន័យ
57. ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
58. ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។