35. ប៉ុន្ដែមុខជាមានអ្នកខ្លះសួរថា តើមនុស្សស្លាប់រស់ឡើងវិញយ៉ាងដូចម្ដេច? ពេលពួកគេរស់ឡើងវិញ តើមានរូបកាយយ៉ាងដូចម្ដេចដែរ?
36. មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅ បើមិនងាប់ទេ វាក៏មិនដុះឡើងដែរ
37. ហើយអ្វីដែលអ្នកព្រោះទៅនោះ មិនដូចដើមដែលនឹងដុះឡើងទេ គឺអ្នកព្រោះគ្រាប់ធញ្ញជាតិសុទ្ធវិញ ប្រហែលជាគ្រាប់ស្រូវ ឬគ្រាប់អ្វីផ្សេងទៀត
38. ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាងឲ្យគ្រាប់នោះតាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់ពូជនិមួយៗមានរូបរាងរបស់វាផ្ទាល់។
39. សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី
40. ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី
41. ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ
42. ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។
43. រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច
44. រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។
45. ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត
46. ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។
47. មនុស្សទីមួយកើតមកពីធូលីដី ប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។
48. មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរ ហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។
49. យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។
50. បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា សាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់ទុកជាមរតកបានឡើយ ហើយភាពពុករលួយក៏មិនអាចទទួលភាពមិនពុករលួយទុកជាមរតកបានដែរ។
51. មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងមួយថា យើងទាំងអស់គ្នានឹងមិនស្លាប់ទេ ព្រោះយើងនឹងត្រូវផ្លាស់ប្រែទាំងអស់គ្នា