គម្ពីរសញ្ញាថ្មី

១ កូរិនថូស 15:31-46 Khmer Christian Bible (KCB)

31. បងប្អូន​អើយ!​ ដោយសារ​មោទនៈភាព​ដែល​ខ្ញុំ​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សូម​ស្បថ​ថា​ ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។​

32. បើ​ខ្ញុំ​ប្រយុទ្ធ​ជាមួយ​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ​ក្នុង​នាម​ជា​មនុស្ស​សាមញ្ញ​ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ‍?​ បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ​ ចូរ​យើង​ស៊ី​ផឹក​ទៅ​ ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់‍។​

33. កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ដ្បិត​ការ​សេពគប់​មនុស្ស​អាក្រក់​បំផ្លាញ​កិរិយា​ល្អ។​

34. ចូរ​ភ្ញាក់​ស្មារតី​ឡើង​ដោយ​រស់នៅ​យ៉ាង​សុចរិត​ចុះ​ កុំ​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ខ្ញុំ​និយាយ​ដូច្នេះដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស។​

35. ប៉ុន្ដែ​មុខជា​មាន​អ្នក​ខ្លះ​សួរ​ថា​ តើ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​យ៉ាង​ដូចម្ដេច?​ ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​មាន​រូបកាយ​យ៉ាង​ដូចម្ដេច​ដែរ?​

36. មនុស្ស​ល្ងង់​អើយ!​ អ្វី​ដែល​អ្នក​ព្រោះ​ទៅ​ បើ​មិន​ងាប់​ទេ​ វា​ក៏​មិន​ដុះ​ឡើង​ដែរ​

37. ហើយ​អ្វី​ដែល​អ្នក​ព្រោះ​ទៅ​នោះ​ មិន​ដូច​ដើម​ដែល​នឹង​ដុះ​ឡើង​ទេ​ គឺ​អ្នក​ព្រោះ​គ្រាប់​ធញ្ញជាតិ​សុទ្ធ​វិញ​ ប្រហែល​ជា​គ្រាប់​ស្រូវ​ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​

38. ប៉ុន្ដែ​ព្រះជាម្ចាស់​ប្រទាន​រូបរាង​ឲ្យ​គ្រាប់​នោះ​តាម​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ ​ព្រមទាំង​ឲ្យ​គ្រាប់​ពូជ​និមួយៗ​មាន​រូបរាង​របស់​វា​ផ្ទាល់‍។​

39. សាច់​ទាំង​អស់​មិន​ដូច​គ្នា​ទេ​ គឺ​មាន​សាច់​មនុស្ស​ សាច់​សត្វ​ សាច់​បក្សី​ និង​សាច់​ត្រី​

40. ហើយ​មាន​រូបកាយ​នៅ​ស្ថានសួគ៌​ និង​រូបកាយ​នៅ​ផែនដី​ ប៉ុន្ដែ​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ស្ថានសួគ៌​ផ្សេង​ពី​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ផែនដី‍​

41. ម្យ៉ាងទៀត​ ពន្លឺថ្ងៃ​ ពន្លឺខែ​ និង​ពន្លឺ​ផ្កាយ​ក៏​ខុស​ប្លែក​ពី​គ្នាដែរ​ សូម្បី​តែ​ពន្លឺ​ផ្កាយ​និមួយៗ​ក៏​ខុស​ប្លែក​ពី​គ្នា​ដែរ‍​

42. ឯ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​ដូច្នេះ​ដែរ​ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ ជា​រូបកាយ​ពុក​រលួយ​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​មិន​ពុក​រលួយ​ឡើយ។​

43. រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ថោក​ទាប​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​រុងរឿង។​ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ខ្សោយ​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​មាន​អំណាច​

44. រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ខាង​សាច់ឈាម​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​ខាង​វិញ្ញាណ​ បើ​មាន​រូបកាយ​ខាង​សាច់ឈាម​ នោះ​ក៏​មាន​រូបកាយ​ខាង​វិញ្ញាណ​ដែរ។​

45. ដូច្នេះ​ក៏​មាន​សេចក្ដី​ចែង​ទុក​ដែរ​ថា៖​ «លោក​អ័ដាម​ដែល​ជា​មនុស្ស​ទីមួយ​បាន​ត្រលប់​ជា​មាន​ជីវិត​រស់»​ ប៉ុន្ដែ​លោក​អ័ដាម​ចុងក្រោយ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត‍​

46. ដ្បិត​មិន​មាន​រូបកាយ​ខាង​វិញ្ញាណ​មុន​ទេ​ គឺ​មាន​រូបកាយ​ខាង​សាច់ឈាម​មុន​ រួច‍ទើប​មាន​រូបកាយ​ខាង​វិញ្ញាណ​ជាក្រោយ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 15