គម្ពីរសញ្ញាថ្មី

១ កូរិនថូស 15:20-34 Khmer Christian Bible (KCB)

20. ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះគ្រិស្ដ​មាន‍​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ ​គឺជា​ផល​ដំបូង​នៃ​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​

21. ដ្បិត​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាមរយៈ​មនុស្ស​ម្នាក់​ នោះ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​បាន​ចូល​មក​តាម​រយៈ​មនុស្ស​ម្នាក់​ដែរ។​

22. ដ្បិត​មនុស្ស​ទាំង​អស់​បាន​ស្លាប់​ដោយសារ​លោក​អ័ដាម​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំង​អស់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់ដោយសារ​ព្រះគ្រិស្ដ​ជា​យ៉ាង​នោះ​ដែរ។​

23. ប៉ុន្ដែ​ម្នាក់ៗ​តាម​លំដាប់​រៀង​ខ្លួន​ គឺ​ព្រះគ្រិស្ដ​ជា​ផល​ដំបូង​ បន្ទាប់​មក​ គឺ​ពួកអ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​ នៅ​ពេល​ព្រះអង្គ​យាង​មក​

24. ក្រោយ​ពី​ព្រះអង្គ​បំផ្លាញ​អស់​ទាំង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ ព្រមទាំង​អំណាច​ទាំងឡាយ​រួច​ហើយ​ ព្រះអង្គ​ថ្វាយ​នគរ​ដល់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​ រួច​ក៏​ដល់​ទីបញ្ចប់​

25. ព្រោះ​ព្រះអង្គ​ត្រូវ​សោយរាជ្យ​រហូត​ដល់​ព្រះអង្គ​ដាក់​ខ្មាំង​សត្រូវ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​

26. ហើយ​ខ្មាំង​សត្រូវ​ចុង​ក្រោយ​ដែល​ត្រូវ​បំផ្លាញ​នោះ​ ជា​សេចក្ដី​ស្លាប់។​

27. ដ្បិត​ព្រះអង្គ​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យនៅ​ក្រោម​បាទា​ ប៉ុន្ដែ​នៅ​ពេល​ព្រះអង្គ​មាន​បន្ទូល​ថា​ បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ នោះ​ច្បាស់​ជា​មិន​រាប់​ទាំង​ព្រះអង្គ​ផ្ទាល់​ដែល​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ទេ​

28. លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​ព្រះអង្គ​ហើយ​ ទើប​ព្រះរាជ​បុត្រា​ផ្ទាល់​នឹង​ស្ថិត​នៅ​ក្រោម​ព្រះ​មួយអង្គ​ដែល​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះអង្គ​ដែរ​ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​សោយរាជ្យ​លើ​គ្រប់​ទាំង​អស់‍​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់។​

29. បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​ទេ​ តើ​ពួកអ្នក​ដែល​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​នាម​ជា​មនុស្ស​ស្លាប់​ ​ធ្វើ​អ្វី?​ ហេតុអ្វី​បាន​ជា​ពួកគេ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​នាម​ជា​មនុស្ស​ស្លាប់‍​ដូច្នេះ?​

30. ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ប្រថុយ​នឹង​គ្រោះថ្នាក់​គ្រប់​ពេល​វេលា​ដូច្នេះ?​

31. បងប្អូន​អើយ!​ ដោយសារ​មោទនៈភាព​ដែល​ខ្ញុំ​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សូម​ស្បថ​ថា​ ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។​

32. បើ​ខ្ញុំ​ប្រយុទ្ធ​ជាមួយ​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ​ក្នុង​នាម​ជា​មនុស្ស​សាមញ្ញ​ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ‍?​ បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ​ ចូរ​យើង​ស៊ី​ផឹក​ទៅ​ ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់‍។​

33. កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ដ្បិត​ការ​សេពគប់​មនុស្ស​អាក្រក់​បំផ្លាញ​កិរិយា​ល្អ។​

34. ចូរ​ភ្ញាក់​ស្មារតី​ឡើង​ដោយ​រស់នៅ​យ៉ាង​សុចរិត​ចុះ​ កុំ​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ខ្ញុំ​និយាយ​ដូច្នេះដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 15