គម្ពីរសញ្ញាថ្មី

១ កូរិនថូស 15:1-13 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​បាន​ឈរ​មាំមួន​នៅ​ក្នុង​នោះ​

2. អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ដំណឹង​ល្អ​នោះ​ដែរ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​ បើ​មិន​ដូច្នេះ​ទេ​ អ្នក​រាល់គ្នា​ជឿ​គ្មាន​ប្រយោជន៍‍​ឡើយ​

3. ដ្បិត​ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ដែល​ខ្ញុំបាន​ទទួល​ ជា​សេចក្ដី​ដំបូង​បំផុត​ គឺ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ដោយ​ព្រោះ​បាប​របស់​យើង​ ស្រប​តាម​បទគម្ពីរ‍​

4. ហើយ​ព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ រួចនៅ​ថ្ងៃ​ទីបី​ ព្រះអង្គ​បាន​មានព្រះជន្ម​រស់​ឡើង​វិញ​ ស្រប​តាម​បទគម្ពីរ​

5. ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ​ រួច​ឲ្យ​សាវក​ទាំង​ដប់ពីរ​ឃើញ​ដែរ​

6. ក្រោយ​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំរយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ។​ ក្នុង​ចំណោម​ពួកគេ​ ​ភាគ​ច្រើន​នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់​ហើយ​ដែរ​

7. បន្ទាប់​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ​ រួច​ឲ្យ​ពួក​សាវក​ទាំង​អស់​ឃើញ​ដែរ។​

8. ចុងក្រោយ​បំផុត​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំឃើញ​ដែរ​ សូម្បី​តែ​ខ្ញុំ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​

9. ដ្បិត​ក្នុង​ចំណោម​ពួក​សាវក​ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​ ហើយ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅ​ថា​ជា​សាវក​ផង​ ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​

10. ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​ នោះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​ទាំង​នោះទៅទៀត​ ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ​ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ‍។​

11. ទោះបី​ខ្ញុំ​ក្ដី​ ឬ​អ្នក​ទាំង​នោះ​ក្ដី​ យើង​ប្រកាស​ដំណឹង​ល្អ​នោះ​ ហើយ​អ្នក​រាល់គ្នា​ក៏​ជឿ​លើ​ដំណឹង​ល្អ​នោះ​ដែរ។​

12. ​បើ​មាន​ការ​ប្រកាស​ថា​ ព្រះគ្រិស្ដ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ហេតុអ្វី​បាន​ជា​អ្នក​ខ្លះ​ក្នុង​ចំណោម‍​អ្នក​រាល់គ្នា​និយាយ​ដូច្នេះ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់?​

13. បើ​គ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់​ទេ​ នោះ​ព្រះគ្រិស្ដ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ​

សូមអានជំពូកពេញលេញ ១ កូរិនថូស 15