គម្ពីរសញ្ញាថ្មី

១ កូរិនថូស 14:3-18 Khmer Christian Bible (KCB)

3. ប៉ុន្ដែ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិញ​ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស​ សម្រាប់​ការ​ស្អាង​ចិត្ដ​ ការ​លើក​ទឹក​ចិត្ដ​ និង​ការ​កំសាន្ដ​ចិត្ដ​

4. អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ស្អាង​តែ​ខ្លួន​ឯង​ទេ​ រីឯ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​ ស្អាង​ក្រុមជំនុំ​វិញ។​

5. ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​បាន​ទាំង‍​អស់​គ្នា​ ប៉ុន្ដែ​ចង់​ឲ្យ​អ្នក​រាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​បាន​ជា​ជាង​ ដ្បិត​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ លុះត្រា​តែ​ឲ្យ​អ្នក​នោះ​បកប្រែ​ផង​ ដើម្បី​ឲ្យ​ក្រុមជំនុំ​ទទួល​បាន​ការ​ស្អាង​ចិត្ដ​

6. ឥឡូវ​នេះ​ បងប្អូន​អើយ!​ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ដោយ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ តើ​ខ្ញុំនឹង​មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​រាល់គ្នា?​ លើកលែង​តែ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ដោយ​ការ​បើកសំដែង​ ឬ​ដោយ​ចំណេះ​ដឹង​ ឬ​ដោយ​ការ​ថ្លែង​ព្រះបន្ទូល​ ឬ​ដោយ​សេចក្ដី​បង្រៀន​ណា​មួយ​ប៉ុណ្ណោះ។​

7. សូម្បី​តែ​ឧបករណ៍​តន្រ្ដី​ដែល​គ្មាន​ជីវិត​ មិនថា​ជា​ខ្លុយ​ ឬ​ស៊ុងក្ដី​ បើ​ពួកវា‍​មិន​បញ្ចេញ​សំឡេង​ខុស​គ្នា​ទេ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ដឹង​បាន​ថា​ ឧបករណ៍​ដែល​គេ​កំពុង​លេង‍​ ឬ​ដេញ​នោះ​ ជា​សំឡេង​ខ្លុយ​ ឬ​ស៊ុង?​

8. ហើយ​បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់​ តើ​អ្នកណា​នឹង​ប្រុងប្រៀប​ខ្លួន​ក្នុង​ចម្បាំង​បាន?​

9. អ្នក​រាល់គ្នា​ក៏​ដូច្នេះ​ដែរ​ បើ​ភាសា​ចម្លែក​អស្ចារ្យរបស់អ្នក​រាល់គ្នា​គ្មាន​ពាក្យ​សំដី​ដែល​គេ​អាច​យល់​បាន​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​គេ​យល់​សេចក្ដី​ដែល​បាន​និយាយ​នោះ?​ ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​និយាយ​ទៅ​កាន់​ខ្យល់​ហើយ។​

10. នៅ​ក្នុង​ពិភពលោក​អាច​មាន​ភាសា​ច្រើន​មែន​ ប៉ុន្ដែ​គ្មាន​ភាសា​ណា​មួយ​ដែល​គ្មាន​អត្ថន័យ​នោះ​ទេ​

11. ដូច្នេះ​ហើយ​បើ​ខ្ញុំ​មិន​យល់​អត្ថន័យ​ភាសា​នោះ​ទេ​ ខ្ញុំ​នឹង​ត្រលប់​ជា​ជន​បរទេស​សម្រាប់​អ្នក​ដែល​កំពុង​និយាយ​ ហើយ​អ្នក​ដែល​កំពុង​និយាយ​ក៏​ជា​ជន​បរទេស​សម្រាប់​ខ្ញុំ​ដែរ​

12. អ្នក​រាល់គ្នា​ក៏​ដូច្នេះ​ដែរ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​អ្នក​សង្វាត​ចង់​បាន​អំណោយទាន​ខាង​វិញ្ញាណ​ ចូរ​សង្វាត​ចង់​បាន​ឲ្យ​កាន់តែ​ច្រើន​ចុះ​ ​សម្រាប់​ការ​ស្អាង​ចិត្ដ​ដល់​ក្រុមជំនុំ​

13. ហេតុនេះ​ហើយ​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ចូរ​អធិស្ឋាន​ ដើម្បី​ឲ្យ​អាច​បកប្រែ​បាន​ផង​

14. ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក​អស្ចារ្យ​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​អធិស្ឋាន​មែន​ ប៉ុន្ដែ​គំនិត​របស់​ខ្ញុំ​គ្មាន​ផល​ផ្លែ​ឡើយ​

15. ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ គឺ​ខ្ញុំ​នឹង​អធិស្ឋាន​នៅ​ក្នុង​វិញ្ញាណ​ ព្រមទាំង​អធិស្ឋាន​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ​ ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​នៅ​ក្នុង​វិញ្ញាណ​ ព្រមទាំង​ច្រៀង​សរសើរ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ​

16. ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​ថ្វាយ​ព្រះ​ពរ​ដោយ​វិញ្ញាណ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នក​មិន​ដែល​ដឹង​ ដែល​នៅ​ទីនោះ​និយាយ​ថា​ អាម៉ែន​ ស្រប​នឹង​ការ​អរព្រះគុណ​របស់​អ្នក​បាន​ ដ្បិត​គេ​មិន​ដឹង​ថា​ អ្នក​រាល់គ្នា​និយាយ​អ្វី​ផង!​

17. ​រីឯ​អ្នក​ អ្នក​អរព្រះគុណ​បាន​ល្អ​មែន​ ប៉ុន្ដែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។​

18. ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ច្រើន​ជាង​អ្នក​ទាំង​អស់គ្នា​ទៅ​ទៀត​

សូមអានជំពូកពេញលេញ ១ កូរិនថូស 14