24. ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ
25. នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន!
26. ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
27. បើមានអ្នកណានិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យមានពីរនាក់ ឬបីនាក់យ៉ាងច្រើន ហើយត្រូវនិយាយម្នាក់ម្ដងៗ និងចូរឲ្យមានម្នាក់បកប្រែផង
28. ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ ចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយឲ្យគេនិយាយទៅកាន់ខ្លួនឯង និងទៅកាន់ព្រះជាម្ចាស់ចុះ
29. រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ
30. ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរ ចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ
31. ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបាន ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្តដែរ
32. រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល
33. ដ្បិតព្រះជាម្ចាស់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺជាព្រះនៃសេចក្ដីសុខសាន្ដវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
34. ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ
35. ហើយបើពួកនាងចង់រៀនអំពីអ្វីមួយ ចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។
36. តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីអ្នករាល់គ្នាឬ? ឬមានតែអ្នករាល់គ្នាប៉ុណ្ណោះឬ ដែលបានទទួលព្រះបន្ទូល?
37. បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។
38. ដូច្នេះ បើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេ អ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ
39. ហេតុនេះបងប្អូនអើយ! ចូរសង្វាតចង់បានអំណោយទាននៃការថ្លែងព្រះបន្ទូលចុះ ហើយមិនត្រូវហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ
40. ចូរធ្វើការទាំងអស់ឲ្យបានសមរម្យ និងទៅតាមលំដាប់លំដោយចុះ។