គម្ពីរសញ្ញាថ្មី

១ កូរិនថូស 14:15-31 Khmer Christian Bible (KCB)

15. ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ គឺ​ខ្ញុំ​នឹង​អធិស្ឋាន​នៅ​ក្នុង​វិញ្ញាណ​ ព្រមទាំង​អធិស្ឋាន​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ​ ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​នៅ​ក្នុង​វិញ្ញាណ​ ព្រមទាំង​ច្រៀង​សរសើរ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ​

16. ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​ថ្វាយ​ព្រះ​ពរ​ដោយ​វិញ្ញាណ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នក​មិន​ដែល​ដឹង​ ដែល​នៅ​ទីនោះ​និយាយ​ថា​ អាម៉ែន​ ស្រប​នឹង​ការ​អរព្រះគុណ​របស់​អ្នក​បាន​ ដ្បិត​គេ​មិន​ដឹង​ថា​ អ្នក​រាល់គ្នា​និយាយ​អ្វី​ផង!​

17. ​រីឯ​អ្នក​ អ្នក​អរព្រះគុណ​បាន​ល្អ​មែន​ ប៉ុន្ដែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។​

18. ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ច្រើន​ជាង​អ្នក​ទាំង​អស់គ្នា​ទៅ​ទៀត​

19. ប៉ុន្ដែ​នៅ​ក្នុង​ក្រុមជំនុំ​ ខ្ញុំ​ចង់​និយាយ​ពាក្យ​ប្រាំ​ម៉ាត់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ ដែល​អាច​ទូន្មាន​អ្នក​ដទៃ​ ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់‍។​

20. បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​

21. មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​ថា៖​ «យើង​នឹង​និយាយ​ទៅ​ប្រជាជន​នេះ​ដោយ​ភាសា​ផ្សេងៗ​ ហើយ​ដោយ​បបូរ​មាត់​របស់​អ្នក​ផ្សេង​ ប៉ុន្ដែ​ពួកគេ​មិនស្ដាប់​យើង​ដដែល»​ គឺ​ព្រះអម្ចាស់​មានបន្ទូល​ដូច្នេះ។​

22. ដូច្នេះ​ភាសា​ចម្លែក​អស្ចារ្យ​ជា​ទីសំគាល់​មួយ​សម្រាប់​ពួកអ្នក​មិន​ជឿ​ មិន​មែន​សម្រាប់​ពួកអ្នក​ដែល​ជឿ​ទេ​ ផ្ទុយ​ទៅ​វិញ​ ការ​ថ្លែង​ព្រះបន្ទូល​ជា​ទីសំគាល់​មួយ​សម្រាប់​ពួកអ្នក​ដែល​ជឿ​ មិន​មែន​សម្រាប់​ពួកអ្នក​មិន​ជឿ​ឡើយ​

23. ចុះ​បើ​ក្រុមជំនុំ​ទាំង​មូល​មក​ជួបជុំ​គ្នា​ ហើយ​អ្នក​ទាំង​អស់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​មាន​អ្នក​មិន​ដែល​ដឹង​ ឬ​អ្នក​មិន​ជឿ​ចូល​មក​ តើ​គេ​មិន​និយាយ​ថា​ អ្នក​រាល់គ្នា​ឆ្កួត​ទេ​ឬ?​

24. ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​ទាំង​អស់​គ្នា​ថ្លែង​ព្រះបន្ទូល​ ហើយ​មាន​អ្នក​មិន​ជឿ​ ឬ​អ្នក​មិន​ដែល​ដឹង​មួយ​ចំនួន​ចូល​មក​ នោះ​អ្នក​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​គេ​ដឹង​កំហុស​ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​វិនិច្ឆ័យគេ​ដែរ​

25. នោះ​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​គេ​នឹង​បង្ហាញ​ចេញ​មក​ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ ទាំង​ប្រកាស​ថា​ ព្រះជាម្ចាស់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ពិត​មែន!​

26. ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ បងប្អូន​អើយ!​ នៅ​ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​ គឺ​ម្នាក់​មាន​ចម្រៀង​សរសើរ​តម្កើង​ ម្នាក់​មាន​សេចក្ដី​បង្រៀន​ ម្នាក់​មាន​ការ​បើកសំដែង​ ម្នាក់​មាន​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​មាន​ការ​បកប្រែ​ ចូរ​ធ្វើ​ការ​ទាំង​អស់​សម្រាប់​ការ​ស្អាង​ចិត្ដ​ចុះ។​

27. បើ​មាន​អ្នកណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ត្រូវ​ឲ្យ​មាន​ពីរ​នាក់​ ឬ​បី​នាក់​យ៉ាងច្រើន​ ហើយ​ត្រូវ​និយាយ​ម្នាក់​ម្ដងៗ​ និង​ចូរ​ឲ្យ​មាន​ម្នាក់​បកប្រែ​ផង​

28. ប៉ុន្ដែ​បើ​គ្មាន​អ្នក​បកប្រែ​ទេ​ ចូរ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុមជំនុំ​ចុះ​ ហើយ​ឲ្យ​គេ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ និង​ទៅ​កាន់​ព្រះជាម្ចាស់​ចុះ​

29. រីឯ​អ្នក​នាំ​ព្រះបន្ទូល​វិញ​ ចូរ​ឲ្យ​មាន​ពីរ​នាក់​ ឬ​បី​នាក់​និយាយ​ ហើយ​ចូរ​ឲ្យ​អ្នក​ផ្សេង​ទៀត​ពិចារណា​ចុះ​

30. ប៉ុន្ដែ​បើ​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​បាន​ទទួល​ការ​បើកសំដែង​ដែរ​ ចូរ​ឲ្យ​អ្នក​ទីមួយ​នៅ​ស្ងៀម​ចុះ​

31. ព្រោះ​អ្នក​រាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​ម្នាក់​ម្ដងៗទៅ​មនុស្ស​គ្រប់​គ្នា​បាន​ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀន​ ហើយ​គ្រប់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដែរ​

សូមអានជំពូកពេញលេញ ១ កូរិនថូស 14