4. មានអំណោយទានផ្សេងៗគ្នាមែន ប៉ុន្ដែមកពីព្រះវិញ្ញាណតែមួយទេ។
5. មានមុខងារបម្រើផ្សេងៗគ្នាមែន ប៉ុន្ដែមកពីព្រះអម្ចាស់តែមួយទេ។
6. មានសកម្មភាពផ្សេងៗគ្នាមែន ប៉ុន្ដែគឺជាព្រះជាម្ចាស់តែមួយទេ ដែលធ្វើការសព្វគ្រប់តាមរយៈមនុស្សទាំងអស់
7. ដ្បិតមនុស្សម្នាក់ៗបានទទួលការបើកសំដែងមកពីព្រះវិញ្ញាណសម្រាប់ជាប្រយោជន៍រួម
8. គឺម្នាក់ទទួលបានពាក្យសំដីប្រកបដោយប្រាជ្ញាតាមរយៈព្រះវិញ្ញាណ ម្នាក់ទៀតទទួលបានពាក្យសំដីប្រកបដោយចំណេះដឹងតាមរយៈព្រះវិញ្ញាណដដែល
9. ម្នាក់ទៀតទទួលបានជំនឿ ហើយម្នាក់ទៀតទទួលបានអំណោយទានប្រោសឲ្យជាតាមរយៈព្រះវិញ្ញាណដដែល
10. ម្នាក់ទៀតធ្វើការអស្ចារ្យ ម្នាក់ទៀតថ្លែងព្រះបន្ទូល ម្នាក់ទៀតចេះសំគាល់វិញ្ញាណ ម្នាក់ទៀតនិយាយភាសាចម្លែកអស្ចារ្យ ហើយម្នាក់ទៀតបកប្រែភាសាទាំងនោះ
11. ប៉ុន្ដែគឺជាព្រះវិញ្ញាណតែមួយដដែលទេដែលធ្វើការទាំងអស់នេះ ទាំងចែកចាយដល់មនុស្សម្នាក់ៗរៀងៗខ្លួនតាមដែលព្រះអង្គសព្វព្រះហឫទ័យ។
12. ដ្បិតដូចដែលមានរូបកាយតែមួយ ហើយមានអវយវៈច្រើន អវយវៈទាំងឡាយរបស់រូបកាយ ទោះជាច្រើនមែន ប៉ុន្ដែរួមគ្នាមកជារូបកាយតែមួយទេ ហើយព្រះគ្រិស្ដក៏ដូច្នោះដែរ
13. ព្រោះយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថា ជនជាតិយូដា ឬជនជាតិក្រេក មិនថា បាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នាផឹកព្រះវិញ្ញាណតែមួយ
14. ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរ គឺមានច្រើន
15. ទោះបីជើងនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ
16. ហើយទោះបីត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ