គម្ពីរសញ្ញាថ្មី

១ កូរិនថូស 12:16-30 Khmer Christian Bible (KCB)

16. ហើយ​ទោះបី​ត្រចៀក​និយាយ​ថា‍៖​ «ខ្ញុំ​មិនមែន​ជា​របស់​រូបកាយ​ទេ​ ព្រោះខ្ញុំ​មិន​មែន​ជា​ភ្នែក»​ ក៏​ត្រចៀក​នៅតែ​ជា​របស់​រូបកាយ​ មិន​ថា​មាន​ហេតុផល​នេះ​ក៏ដោយ‍​

17. បើ​រូបកាយ​ទាំង​មូល​ជា​ភ្នែក​ តើ​នឹង​ស្ដាប់ឮ​នៅ​ត្រង់​ណា?​ បើ​រូបកាយ​ទាំង​មូល​ជា​ត្រ​ចៀក​ តើ​នឹង​ស្រង់​ក្លិន​នៅ​ត្រង់​ណា?​

18. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ដាក់​អវយវៈ​និមួយៗ​នៅ​ក្នុង​រូបកាយ​តាម​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​

19. ហើយ​បើ​ទាំង​អស់​ជា​អវយវៈ​តែ​មួយ​ តើ​រូបកាយ​នៅ​ឯ​ណា?​

20. ដូច្នេះ​ទោះ​ជា​មាន​អវយវៈ​ច្រើន​ក៏ដោយ​ ក៏​រូបកាយ​តែ​មួយ​

21. ហើយ​ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា‍៖​ «ខ្ញុំ​មិន​ត្រូវការ​ឯង»​ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា​ «ខ្ញុំ​មិន​ត្រូវការ​ឯង‍»​ បាន​ដែរ។​

22. ផ្ទុយ​ទៅ​វិញ​ ​អវយវៈ​ណា​ដែល​មើល​ទៅ​ដូចជា​ខ្សោយ​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​ត្រលប់​ជា​សំខាន់​វិញ​

23. រីឯ​អវយវៈ​ណា​ដែល​យើង​គិត​ថា​អាប់ឱន​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​យើង​សម្អិត​សម្អាង​ឲ្យ​កាន់តែ​ថ្លៃថ្នូរ​ ហើយ​អវយវៈ​របស់​យើង​ណា​ដែល​មើល​ទៅ​មិន​ស្អាត​ នោះ​ត្រលប់​ជា​កាន់តែ​ស្អាត​ឡើង​

24. ប៉ុន្ដែ​អវយវៈ​របស់​យើង​ដែល​ស្អាត​ហើយ​នោះ​ មិន​ត្រូវការ​សម្អិត​សម្អាង​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គុំ​រូបកាយ​ឡើង​ ដោយ​ប្រទាន​ឲ្យ​មាន​តម្លៃ​កាន់​តែ​វិសេស​ដល់​អវយវៈ​ណា​ដែល​មាន​ការ​ខ្វះខាត​

25. ដើម្បី​កុំ​ឲ្យ​មាន​ការ​បែកបាក់​នៅ​ក្នុង​រូបកាយ​ ផ្ទុយ​ទៅ​វិញ​ ឲ្យ​អវយវៈ​ទាំងឡាយ​ ខ្វល់ខ្វាយ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។​

26. បើ​អវយវៈ​ណា​មួយ​ឈឺចាប់​ នោះ​អវយវៈ​ទាំង​អស់​ក៏​ឈឺចាប់​ដែរ​ ឬ​បើ​អវយវៈ​ណា​មួយ​ទទួល​បាន​ការ​សរសើរ​ នោះ​អវយវៈ​ទាំង​អស់​ក៏​អរ​សប្បាយ​ដែរ‍។​

27. អ្នក​រាល់គ្នា​ជា​រូបកាយ​របស់​ព្រះគ្រិស្ដ​ ហើយ​ជា​អវយវៈ​តាម​ផ្នែក​រៀង​ៗ​ខ្លួន។​

28. នៅ​ក្នុង​ក្រុមជំនុំ​ ព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​ពួក​សាវក​ជាមុន​ ទីពីរ​ឲ្យ​មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ទីបី​ឲ្យ​មាន​ពួក​គ្រូ​ បន្ទាប់​មក​ឲ្យ​មាន​អ្នក​ធ្វើ​ការ​អស្ចារ្យ​ បន្ទាប់​មក​ទៀត​ អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ អ្នក​ជំនួយការ​ អ្នកបម្រើ​ការ​ និង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។​

29. តើ​គ្រប់​គ្នា​ជា​សាវក​ឬ?​ តើ​គ្រប់​គ្នា​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?​ តើ​គ្រប់​គ្នា​ជា​គ្រូ​ឬ?​ តើ​គ្រប់​គ្នា​ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ​ឬ?​

30. តើ​គ្រប់​គ្នា​មាន​អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ឬ?​ តើ​គ្រប់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​ តើ​គ្រប់​គ្នា​បកប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​

សូមអានជំពូកពេញលេញ ១ កូរិនថូស 12