គម្ពីរសញ្ញាថ្មី

១ កូរិនថូស 12:10-23 Khmer Christian Bible (KCB)

10. ម្នាក់​ទៀត​ធ្វើ​ការ​អស្ចារ្យ​ ម្នាក់​ទៀត​ថ្លែង​ព្រះបន្ទូល​ ម្នាក់​ទៀត​ចេះ​សំគាល់​វិញ្ញាណ​ ម្នាក់​ទៀត​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​ទៀត​បកប្រែ​ភាសា​ទាំង​នោះ​

11. ប៉ុន្ដែ​គឺជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​ទេ​ដែល​ធ្វើ​ការ​ទាំង​អស់​នេះ​ ​ទាំង​ចែកចាយ​ដល់​មនុស្ស​ម្នាក់ៗ​រៀងៗ​ខ្លួន​តាម​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ។​

12. ដ្បិត​ដូច​ដែល​មាន​រូបកាយ​តែ​មួយ​ ហើយ​មាន​អវយវៈ​ច្រើន​ អវយវៈ​ទាំងឡាយ​របស់​រូបកាយ​ ទោះ​ជាច្រើន​មែន​ ប៉ុន្ដែ​រួម​គ្នា​មក​ជា​រូបកាយ​តែ​មួយ​ទេ​ ហើយព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ​

13. ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​រូបកាយ​តែ​មួយ​ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ​ មិនថា​ ​ជនជាតិ​យូដា​ ឬ​ជនជាតិ​ក្រេក​ មិនថា​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ឡើយ​ គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ទាំង​អស់​គ្នា​ផឹក​ព្រះវិញ្ញាណ​តែ​មួយ​

14. ដ្បិត​រូបកាយ​ក៏​មិន​មែន​មាន​អវយវៈ​តែ​មួយ​ដែរ​ គឺ​មាន​ច្រើន​

15. ទោះបី​ជើង​និយាយ​ថា‍៖​ «ខ្ញុំ​មិន​មែន​ជា​របស់​រូបកាយ​ទេ​ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ‍»​ ក៏​ជើង​នៅតែ​ជា​របស់​រូបកាយ​ មិន​ថា​មាន​ហេតុផល​នេះ​ក៏ដោយ​

16. ហើយ​ទោះបី​ត្រចៀក​និយាយ​ថា‍៖​ «ខ្ញុំ​មិនមែន​ជា​របស់​រូបកាយ​ទេ​ ព្រោះខ្ញុំ​មិន​មែន​ជា​ភ្នែក»​ ក៏​ត្រចៀក​នៅតែ​ជា​របស់​រូបកាយ​ មិន​ថា​មាន​ហេតុផល​នេះ​ក៏ដោយ‍​

17. បើ​រូបកាយ​ទាំង​មូល​ជា​ភ្នែក​ តើ​នឹង​ស្ដាប់ឮ​នៅ​ត្រង់​ណា?​ បើ​រូបកាយ​ទាំង​មូល​ជា​ត្រ​ចៀក​ តើ​នឹង​ស្រង់​ក្លិន​នៅ​ត្រង់​ណា?​

18. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ដាក់​អវយវៈ​និមួយៗ​នៅ​ក្នុង​រូបកាយ​តាម​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​

19. ហើយ​បើ​ទាំង​អស់​ជា​អវយវៈ​តែ​មួយ​ តើ​រូបកាយ​នៅ​ឯ​ណា?​

20. ដូច្នេះ​ទោះ​ជា​មាន​អវយវៈ​ច្រើន​ក៏ដោយ​ ក៏​រូបកាយ​តែ​មួយ​

21. ហើយ​ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា‍៖​ «ខ្ញុំ​មិន​ត្រូវការ​ឯង»​ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា​ «ខ្ញុំ​មិន​ត្រូវការ​ឯង‍»​ បាន​ដែរ។​

22. ផ្ទុយ​ទៅ​វិញ​ ​អវយវៈ​ណា​ដែល​មើល​ទៅ​ដូចជា​ខ្សោយ​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​ត្រលប់​ជា​សំខាន់​វិញ​

23. រីឯ​អវយវៈ​ណា​ដែល​យើង​គិត​ថា​អាប់ឱន​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​យើង​សម្អិត​សម្អាង​ឲ្យ​កាន់តែ​ថ្លៃថ្នូរ​ ហើយ​អវយវៈ​របស់​យើង​ណា​ដែល​មើល​ទៅ​មិន​ស្អាត​ នោះ​ត្រលប់​ជា​កាន់តែ​ស្អាត​ឡើង​

សូមអានជំពូកពេញលេញ ១ កូរិនថូស 12