គម្ពីរសញ្ញាថ្មី

១ កូរិនថូស 11:6-22 Khmer Christian Bible (KCB)

6. ដូច្នេះ​បើ​ស្រ្ដី​មិន​គ្របបាំង​ក្បាល​ទេ​ ចូរ​ឲ្យ​នាង​កោរសក់​ទៅ​ ប៉ុន្ដែ​បើ​ការ​កាត់សក់​ ឬ​ការ​កោរសក់​ធ្វើ​ឲ្យ​ស្រ្ដី​នោះ​ខ្មាស​ ចូរ​ឲ្យ​នាង​គ្របបាំង​ក្បាល​ចុះ‍​

7. ហើយ​បុរស​មិន​គួរ​គ្របបាំង​ក្បាល​ទេ​ ព្រោះ​ជា​រូបអង្គ​ និង​ជា​សិរី​រុងរឿងរបស់​ព្រះជាម្ចាស់​ រីឯ​ស្រ្ដី​វិញ​ជា​សិរី​រុងរឿង​របស់​បុរស​

8. ដ្បិត​បុរស​មិន​បាន​មាន​កំណើត​ពី​ស្ត្រី​ទេ​ គឺ​ស្ត្រី​មាន​កំណើត​ពី​បុរស​វិញ​

9. ហើយ​ព្រះជាម្ចាស់​ក៏​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ដែរ​ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ​

10. ដូច្នេះ​ហើយ​ ស្រ្ដី​គួរ​មាន​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​ ដោយ​យល់​ដល់​ពួក​ទេវតា​

11. ប៉ុន្ដែ​នៅ​ក្នុង​ព្រះអម្ចាស់​ ស្រ្ដី​ត្រូវការ​បុរស​ជា​ចាំបាច់​ ហើយ​បុរស​ក៏​ត្រូវការ​ស្ត្រី​ជា​ចាំបាច់​ដែរ​

12. ដ្បិត​ស្រ្ដី​មាន​កំណើត​ពី​បុរស​យ៉ាង​ណា​ បុរស​ក៏​មាន​កំណើត​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ​ ប៉ុន្ដែ​អ្វីៗ​ទាំង​អស់​មាន​កំណើត​ពី​ព្រះជាម្ចាស់។​

13. ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ​ ​តើ​គប្បី​ឲ្យ​ស្រ្ដី​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ ដោយ​ឥត​គ្របបាំង​ក្បាល​ដែរ‍​ឬ​ទេ‍?​

14. តើ​ធម្មជាតិ​មិន​បាន​បង្រៀន​អ្នក​រាល់គ្នា​ទេ‍​ឬ​ថា​ ​បើ​បុរស​ទុក​សក់​វែង​ នោះ​ជា​ការ​អាម៉ាស់​ដល់​ខ្លួន​គាត់​ហើយ​

15. ផ្ទុយ​ទៅ​វិញ​ បើ​ស្រ្ដី​ទុក​សក់​វែង​ នោះ​ជា​ភាព​រុងរឿង​ដល់​នាង​ ព្រោះ​ព្រះជាម្ចាស់​បាន​ប្រទាន​សក់​វែង​ឲ្យ​នាង​ជំនួស​គ្រឿង​គ្របបាំង​ស្រាប់​

16. ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​គិត​ប្រកែក​តវ៉ា​ នោះ​ត្រូវ​ដឹង​ថា​ យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ​ ហើយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ក៏​គ្មាន​ទម្លាប់​បែប​នេះ​ដែរ‍។​

17. នៅ​ក្នុង​សេចក្ដី​ទូន្មាន​បន្ដ​ទៀត​នេះ​ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់គ្នា​ទេ​ ព្រោះ​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​មិន​មែន​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​ទេ​ ប៉ុន្ដែ​ដើម្បី​ឲ្យ​បាន​កាន់​តែ​អាក្រក់​ថែម​ទៀត​

18. ដ្បិត​មុន​ដំបូង​ ខ្ញុំ​បាន‍ឮ​ថា​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​ក្រុមជំនុំ​ នោះ​មាន​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយខ្ញុំ​ក៏​ជឿ​ខ្លះៗ​ដែរ​

19. ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

20. ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​ នោះ​មិន​មែន​បរិភោគ​ពិធី​លៀង​ព្រះអម្ចាស់​ទេ​

21. ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​

22. តើ​អ្នក​រាល់គ្នា​គ្មាន​ផ្ទះ​ទេ‍​ឬ​ ម្ដេច​មិន​ស៊ី​ផឹក​នៅ​ផ្ទះ​ទៅ?​ ឬ​មួយ​អ្នក​រាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ និង​ធ្វើ​ឲ្យ​ពួកអ្នក​អត់​ ​អាម៉ាស់​មុខ?​ តើ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច?​ ​តើ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់គ្នា​ឬ?​ ចំពោះ​ការ​នេះ​ ខ្ញុំ​មិន​សរសើរ​ទេ‍។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 11