24. ហើយពេលអរព្រះគុណរួចហើយ ព្រះអង្គក៏កាច់នំប៉័ងទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំចុះ»។
25. បន្ទាប់ពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងមកបែបដូច្នោះដែរ ទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មី ដោយឈាមរបស់ខ្ញុំ ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំរាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។
26. ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ
27. ដូច្នេះអ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងនៃព្រះអម្ចាស់ដោយមិនសមរម្យ នោះនឹងមានទោសចំពោះរូបកាយ និងឈាមរបស់ព្រះអម្ចាស់ហើយ
28. ដូច្នេះ ចូរឲ្យម្នាក់ៗពិសោធខ្លួនឯងចុះ រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះ
29. ដ្បិតអ្នកណាដែលបរិភោគ ហើយផឹកដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដ នោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគ និងផឹកនោះហើយ។
30. ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ ហើយឈឺ និងមួយចំនួនធំបានស្លាប់
31. ដូច្នេះបើយើងពិនិត្យមើលខ្លួនឯង នោះយើងមិនជាប់ជំនុំជម្រះទេ
32. ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើង ព្រះអង្គនឹងពិន័យយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។
33. ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាមកជួបជុំគ្នាបរិភោគ ចូរចាំគ្នាផង
34. បើមានអ្នកណាម្នាក់ឃ្លាន ចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយ រីឯបញ្ហាផ្សេងទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។