20. ដូច្នេះ ពេលអ្នករាល់គ្នាជួបជុំគ្នានៅកន្លែងណាមួយ នោះមិនមែនបរិភោគពិធីលៀងព្រះអម្ចាស់ទេ
21. ព្រោះពេលបរិភោគ ម្នាក់ៗយកអាហាររបស់ខ្លួនមុនគេ ដូច្នេះ ក៏មានម្នាក់នៅឃ្លាន ហើយម្នាក់ទៀតស្រវឹងទៅហើយ
22. តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់ អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះ ខ្ញុំមិនសរសើរទេ។
23. ដ្បិតអ្វីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មក ខ្ញុំក៏ប្រគល់ឲ្យអ្នករាល់គ្នាដែរ គឺនៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូននោះ ព្រះអង្គបានយកនំប៉័ងមក
24. ហើយពេលអរព្រះគុណរួចហើយ ព្រះអង្គក៏កាច់នំប៉័ងទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំចុះ»។
25. បន្ទាប់ពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងមកបែបដូច្នោះដែរ ទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មី ដោយឈាមរបស់ខ្ញុំ ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំរាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។
26. ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ
27. ដូច្នេះអ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងនៃព្រះអម្ចាស់ដោយមិនសមរម្យ នោះនឹងមានទោសចំពោះរូបកាយ និងឈាមរបស់ព្រះអម្ចាស់ហើយ
28. ដូច្នេះ ចូរឲ្យម្នាក់ៗពិសោធខ្លួនឯងចុះ រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះ
29. ដ្បិតអ្នកណាដែលបរិភោគ ហើយផឹកដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដ នោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគ និងផឹកនោះហើយ។