គម្ពីរសញ្ញាថ្មី

១ កូរិនថូស 11:16-31 Khmer Christian Bible (KCB)

16. ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​គិត​ប្រកែក​តវ៉ា​ នោះ​ត្រូវ​ដឹង​ថា​ យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ​ ហើយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ក៏​គ្មាន​ទម្លាប់​បែប​នេះ​ដែរ‍។​

17. នៅ​ក្នុង​សេចក្ដី​ទូន្មាន​បន្ដ​ទៀត​នេះ​ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់គ្នា​ទេ​ ព្រោះ​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​មិន​មែន​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​ទេ​ ប៉ុន្ដែ​ដើម្បី​ឲ្យ​បាន​កាន់​តែ​អាក្រក់​ថែម​ទៀត​

18. ដ្បិត​មុន​ដំបូង​ ខ្ញុំ​បាន‍ឮ​ថា​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​ក្រុមជំនុំ​ នោះ​មាន​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយខ្ញុំ​ក៏​ជឿ​ខ្លះៗ​ដែរ​

19. ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

20. ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​ នោះ​មិន​មែន​បរិភោគ​ពិធី​លៀង​ព្រះអម្ចាស់​ទេ​

21. ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​

22. តើ​អ្នក​រាល់គ្នា​គ្មាន​ផ្ទះ​ទេ‍​ឬ​ ម្ដេច​មិន​ស៊ី​ផឹក​នៅ​ផ្ទះ​ទៅ?​ ឬ​មួយ​អ្នក​រាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ និង​ធ្វើ​ឲ្យ​ពួកអ្នក​អត់​ ​អាម៉ាស់​មុខ?​ តើ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច?​ ​តើ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់គ្នា​ឬ?​ ចំពោះ​ការ​នេះ​ ខ្ញុំ​មិន​សរសើរ​ទេ‍។​

23. ដ្បិត​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក​ ខ្ញុំ​ក៏​ប្រគល់​ឲ្យអ្នក​រាល់គ្នា​ដែរ​ គឺ​នៅ​យប់​ដែល​ព្រះអម្ចាស់​យេស៊ូ​ត្រូវ​គេ​បញ្ជូន​នោះ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​

24. ហើយ​ពេល​អរព្រះគុណ​រួច​ហើយ​ ព្រះអង្គ​ក៏​កាច់​នំប៉័ង​ទាំង‍​មាន​បន្ទូល​ថា‍៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​ចុះ‍»។​

25. បន្ទាប់​ពី​បរិភោគ​រួច​ហើយ​ ព្រះអង្គ​ក៏​យក​ពែង​មក​បែប​ដូច្នោះ​ដែរ​ ទាំង​មាន​បន្ទូល​ថា‍៖​ «នេះ​ជា​ពែង​នៃ​កិច្ច​ព្រមព្រៀង​ថ្មី​ ដោយ​ឈាម​របស់​ខ្ញុំ​ ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​រាល់​ពេល​ដែល​អ្នក​រាល់គ្នា​ផឹក​ចុះ»។​

26. ដ្បិត​រាល់​ពេល​ដែល​អ្នក​រាល់គ្នា​បរិភោគ​នំប៉័ង​ ហើយ​ផឹក​ពី​ពែង​នេះ​ នោះ​អ្នក​រាល់គ្នា​ប្រកាស​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអម្ចាស់​ រហូត​ដល់​ពេល​ព្រះអង្គ​យាង​មក​វិញ​

27. ដូច្នេះ​អ្នកណា​ដែល​បរិភោគ​នំប៉័ង​ ឬផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​ដោយ​មិន​សមរម្យ​ នោះ​នឹង​មាន​ទោស​ចំពោះ​រូបកាយ​ និង​ឈាម​របស់​ព្រះអម្ចាស់​ហើយ​

28. ដូច្នេះ​ ចូរ​ឲ្យម្នាក់ៗ‍​ពិសោធ​ខ្លួន​ឯង​ចុះ​ រួច​សឹម​បរិភោគ​នំប៉័ង​ ហើយ​ផឹក​ពី​ពែង​នេះ​

29. ដ្បិត​អ្នកណា​ដែល​បរិភោគ​ ហើយ​ផឹក​ដោយ​មិន​បាន​យល់​ដល់​រូបកាយ​របស់​ព្រះគ្រិស្ដ​ នោះ​នាំ​ទោស​ដល់​ខ្លួន​តាមរយៈ​ការ​បរិភោគ​ និង​ផឹក​នោះ​ហើយ‍។​

30. ហេតុនេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់គ្នា​ជា​ច្រើន​ខ្សោយ​ ហើយ​ឈឺ​ និង​មួយ​ចំនួន​ធំ​បាន​ស្លាប់​

31. ដូច្នេះ​បើ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង​ នោះ​យើង​មិន​ជាប់​ជំនុំជម្រះ​ទេ​

សូមអានជំពូកពេញលេញ ១ កូរិនថូស 11