14. តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ
15. ផ្ទុយទៅវិញ បើស្រ្ដីទុកសក់វែង នោះជាភាពរុងរឿងដល់នាង ព្រោះព្រះជាម្ចាស់បានប្រទានសក់វែងឲ្យនាងជំនួសគ្រឿងគ្របបាំងស្រាប់
16. ប៉ុន្ដែបើមានអ្នកណាម្នាក់គិតប្រកែកតវ៉ា នោះត្រូវដឹងថា យើងគ្មានទម្លាប់បែបនេះទេ ហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏គ្មានទម្លាប់បែបនេះដែរ។
17. នៅក្នុងសេចក្ដីទូន្មានបន្ដទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជួបជុំគ្នាមិនមែនដើម្បីឲ្យបានប្រសើរឡើងទេ ប៉ុន្ដែដើម្បីឲ្យបានកាន់តែអាក្រក់ថែមទៀត
18. ដ្បិតមុនដំបូង ខ្ញុំបានឮថា ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំ នោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿខ្លះៗដែរ
19. ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកអ្នកខ្ជាប់ខ្ជួនបង្ហាញខ្លួនកាន់តែច្បាស់នៅក្នុងចំណោមអ្នករាល់គ្នា
20. ដូច្នេះ ពេលអ្នករាល់គ្នាជួបជុំគ្នានៅកន្លែងណាមួយ នោះមិនមែនបរិភោគពិធីលៀងព្រះអម្ចាស់ទេ
21. ព្រោះពេលបរិភោគ ម្នាក់ៗយកអាហាររបស់ខ្លួនមុនគេ ដូច្នេះ ក៏មានម្នាក់នៅឃ្លាន ហើយម្នាក់ទៀតស្រវឹងទៅហើយ
22. តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់ អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះ ខ្ញុំមិនសរសើរទេ។
23. ដ្បិតអ្វីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មក ខ្ញុំក៏ប្រគល់ឲ្យអ្នករាល់គ្នាដែរ គឺនៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូននោះ ព្រះអង្គបានយកនំប៉័ងមក
24. ហើយពេលអរព្រះគុណរួចហើយ ព្រះអង្គក៏កាច់នំប៉័ងទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំចុះ»។
25. បន្ទាប់ពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងមកបែបដូច្នោះដែរ ទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មី ដោយឈាមរបស់ខ្ញុំ ចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំរាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។
26. ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ