គម្ពីរសញ្ញាថ្មី

១ កូរិនថូស 11:1-16 Khmer Christian Bible (KCB)

1. ចូរ​យក​គំរូ​តាម​ខ្ញុំ​ដូច​ដែល​ខ្ញុំ​យក​គំរូ​តាម​ព្រះគ្រិស្ដ​ចុះ​

2. ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅ​ក្នុង​គ្រប់ការ​ទាំង​អស់​ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​

3. ប៉ុន្ដែ​ខ្ញុំ​ចង់​ឲ្យអ្នក​រាល់គ្នា​ដឹង​ថា​ ព្រះគ្រិស្ដ​ជា​ក្បាល​របស់​បុរស​គ្រប់​គ្នា​ ហើយ​បុរស​ជា​ក្បាល​របស់​ស្ដ្រី​ ឯ​ព្រះជាម្ចាស់​វិញ​ ជា​ព្រះសិរ​របស់​ព្រះគ្រិស្ដ​

4. បុរស​គ្រប់​គ្នា​ដែល​អធិស្ឋាន​ ឬ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល​ នោះ​បាន​បន្ថោក​ដល់​ក្បាល​របស់​ខ្លួន​ហើយ​

5. ផ្ទុយ​ទៅ​វិញ​ ស្រ្ដី​គ្រប់​គ្នា​ដែល​អធិស្ឋាន​ ឬ​ថ្លែង​ព្រះបន្ទូល​ដោយ​មិន​គ្របបាំង​ក្បាល​ នោះ​បាន​បន្ថោក​ក្បាល​របស់​ខ្លួនវិញ​ ដ្បិត​ដូច​ដែល​កោរសក់​ដែរ​

6. ដូច្នេះ​បើ​ស្រ្ដី​មិន​គ្របបាំង​ក្បាល​ទេ​ ចូរ​ឲ្យ​នាង​កោរសក់​ទៅ​ ប៉ុន្ដែ​បើ​ការ​កាត់សក់​ ឬ​ការ​កោរសក់​ធ្វើ​ឲ្យ​ស្រ្ដី​នោះ​ខ្មាស​ ចូរ​ឲ្យ​នាង​គ្របបាំង​ក្បាល​ចុះ‍​

7. ហើយ​បុរស​មិន​គួរ​គ្របបាំង​ក្បាល​ទេ​ ព្រោះ​ជា​រូបអង្គ​ និង​ជា​សិរី​រុងរឿងរបស់​ព្រះជាម្ចាស់​ រីឯ​ស្រ្ដី​វិញ​ជា​សិរី​រុងរឿង​របស់​បុរស​

8. ដ្បិត​បុរស​មិន​បាន​មាន​កំណើត​ពី​ស្ត្រី​ទេ​ គឺ​ស្ត្រី​មាន​កំណើត​ពី​បុរស​វិញ​

9. ហើយ​ព្រះជាម្ចាស់​ក៏​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ដែរ​ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ​

10. ដូច្នេះ​ហើយ​ ស្រ្ដី​គួរ​មាន​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​ ដោយ​យល់​ដល់​ពួក​ទេវតា​

11. ប៉ុន្ដែ​នៅ​ក្នុង​ព្រះអម្ចាស់​ ស្រ្ដី​ត្រូវការ​បុរស​ជា​ចាំបាច់​ ហើយ​បុរស​ក៏​ត្រូវការ​ស្ត្រី​ជា​ចាំបាច់​ដែរ​

12. ដ្បិត​ស្រ្ដី​មាន​កំណើត​ពី​បុរស​យ៉ាង​ណា​ បុរស​ក៏​មាន​កំណើត​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ​ ប៉ុន្ដែ​អ្វីៗ​ទាំង​អស់​មាន​កំណើត​ពី​ព្រះជាម្ចាស់។​

13. ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ​ ​តើ​គប្បី​ឲ្យ​ស្រ្ដី​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ ដោយ​ឥត​គ្របបាំង​ក្បាល​ដែរ‍​ឬ​ទេ‍?​

14. តើ​ធម្មជាតិ​មិន​បាន​បង្រៀន​អ្នក​រាល់គ្នា​ទេ‍​ឬ​ថា​ ​បើ​បុរស​ទុក​សក់​វែង​ នោះ​ជា​ការ​អាម៉ាស់​ដល់​ខ្លួន​គាត់​ហើយ​

15. ផ្ទុយ​ទៅ​វិញ​ បើ​ស្រ្ដី​ទុក​សក់​វែង​ នោះ​ជា​ភាព​រុងរឿង​ដល់​នាង​ ព្រោះ​ព្រះជាម្ចាស់​បាន​ប្រទាន​សក់​វែង​ឲ្យ​នាង​ជំនួស​គ្រឿង​គ្របបាំង​ស្រាប់​

16. ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​គិត​ប្រកែក​តវ៉ា​ នោះ​ត្រូវ​ដឹង​ថា​ យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ​ ហើយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ក៏​គ្មាន​ទម្លាប់​បែប​នេះ​ដែរ‍។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 11