គម្ពីរសញ្ញាថ្មី

១ កូរិនថូស 10:19-33 Khmer Christian Bible (KCB)

19. តើ​ខ្ញុំ​កំពុង​និយាយ​អំពី​អ្វី?​ តើ​សំណែន​ដល់​រូប​ព្រះ​សំខាន់​ឬ​ តើ​រូប​ព្រះ​សំខាន់​ឬ‍?​

20. ទេ​ ខ្ញុំ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ថ្វាយ​ ​គឺ​ពួកគេ​ថ្វាយ​ដល់​អារក្ស​ មិន​មែន​ដល់​ព្រះជាម្ចាស់​ទេ​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​គូកន​របស់​អារក្ស​ឡើយ​

21. អ្នក​រាល់គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង​ និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ​ ហើយ​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះអម្ចាស់​ផង​ និង​ជាមួយ​អារក្ស​ផង​បាន​ដែរ​

22. ឬ​មួយ​យើង​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ប្រចណ្ឌ?​ តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ?​

23. ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​មិន​មែន​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ហើយ​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែមិន​មែន​ទាំង​អស់​សុទ្ធតែ​ស្អាង​ឡើង​ទេ​

24. ដូច្នេះ​ ចូរ​កុំ​ឲ្យ​អ្នកណា​ម្នាក់​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​ ប៉ុន្ដែ​ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ‍។​

25. ចូរ​បរិភោគ​អ្វីៗ​ទាំង​អស់​ដែល​គេ​លក់​នៅ​ផ្សារ​ចុះ​ កុំ​សួរ​អ្វី​ឡើយ​ ដោយ​យល់​ដល់​មនសិការ​

26. ដ្បិត​ផែនដី​ និង​របស់​សព្វ​សារពើ​នៅ​ផែនដី​ជា​របស់​ព្រះអម្ចាស់‍។​

27. ​បើ​មាន​អ្នក​មិនជឿ​ណា​ម្នាក់​អញ្ជើញ​អ្នក​រាល់គ្នា​ឲ្យ​ទៅ​បរិភោគ​ ហើយ​អ្នក​រាល់គ្នា​ចង់​ទៅ​ដែរ​ ចូរ​បរិភោគ​អ្វីៗ​ទាំង​អស់​ដែល​គេ​បាន​ដាក់​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ចុះ​ កុំ​សួរ​អ្វី​ឡើយ​ ដោយ​យល់​ដល់​មនសិការ​

28. ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​ប្រាប់​អ្នក​រាល់គ្នា​ថា​ នេះ​ជា​សំណែន​ដល់​រូប​ព្រះ​ ចូរ​កុំ​បរិភោគ​ឡើយ​ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ​ និង​ដោយ​យល់​ដល់​មនសិការ​

29. ខ្ញុំ​មិន​និយាយ​អំពី​មនសិការ​ផ្ទាល់​ខ្លួន​ទេ​ ប៉ុន្ដែ​អំពី​មនសិការ​របស់​អ្នក​ដទៃ​វិញ​ តើ​ហេតុអ្វី​បាន​ជា​មនសិការ​របស់​អ្នក​ដទៃ​វិនិច្ឆ័យ​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ?​

30. បើ​ខ្ញុំ​ចូលរួម​បរិភោគ​ដោយ​អរព្រះគុណ​ ហេតុអ្វី​បានជា​គេ​និយាយ​បង្ខូច​ខ្ញុំ​សម្រាប់​អ្វី​ដែល​ខ្ញុំ​បាន​អរព្រះគុណ​ហើយ​ដូច្នេះ?​

31. ដូច្នេះ​ ទោះបី​អ្នក​រាល់គ្នា​បរិភោគ​ ឬ​ផឹក​ ឬ​ធ្វើ​អ្វី​ក៏ដោយ​ ចូរ​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ចុះ​

32. សូម​កុំ​ឲ្យ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ជំពប់​ដួល​ឡើយ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​

33. ដ្បិត​ខ្ញុំ​ក៏​ផ្គាប់​ចិត្ដ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ​ ទាំង​មិន​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 10