គម្ពីរសញ្ញាថ្មី

១ កូរិនថូស 10:1-13 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​នៅ​ល្ងង់ខ្លៅ​ទៀត​ទេ​ គឺ​ដូនតា​របស់​យើង​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា​ ហើយ​ឆ្លង​កាត់​សមុទ្រ​ទាំង​អស់​គ្នា​

2. ទាំង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​លោក​ម៉ូសេ​នៅ​ក្នុង​ពពក​ និង​នៅ​ក្នុង​សមុទ្រ​ទាំង​អស់​គ្នា​

3. ពួកគេ​ទាំង​អស់​គ្នា​បាន​បរិភោគ​អាហារ​ខាង​វិញ្ញាណ​តែ​មួយ​

4. ពួកគេ​ទាំង​អស់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ ព្រោះ​ពួកគេ​បាន​ផឹក​ទឹក​ចេញ​ពី​ថ្មដា​ខាង​វិញ្ញាណ​ ដែល​បាន​មក​តាម​ពួកគេ​ ហើយ​ថ្មដា​នោះ​ជា​ព្រះគ្រិស្ដ​

5. ប៉ុន្ដែ​ពួកគេ​ភាគ​ច្រើន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ ដូច្នេះ​ពួកគេ​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទីរហោឋាន។​

6. ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ទុក​ជា​គំរូ​ដល់​យើង​ ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់​ដូចជា​ពួកគេ​

7. ឬ​ថ្វាយបង្គំ​រូប​ព្រះ​ដូចជា​ពួកគេ​ឡើយ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ប្រជាជន​បាន​អង្គុយ​ស៊ី​ផឹក​ និង​បាន​ក្រោក​ឡើង​លេង​សប្បាយ»​

8. ​កុំ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ​ដូចជា​ពួកគេ​ខ្លះ​បាន​ប្រព្រឹត្ដ​ ហើយ​មាន​ពីរម៉ឺន​បីពាន់​នាក់​បាន​ដួល​ស្លាប់​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​

9. កុំ​ល្បង​នឹង​ព្រះគ្រិស្ដ​ដូចជា​ពួកគេ​ខ្លះ​បាន​ល្បង​ ហើយ​ត្រូវ​ស្លាប់​ដោយ​ពស់​ចឹក​

10. កុំ​រអ៊ូ​រទាំ​ដូចជា​ពួកគេ​ខ្លះ​បាន​រអ៊ូ​រទាំ​ ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​មច្ចុរាជ​នោះ​ឡើយ​

11. ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួកគេ​ទុក​ជា​គំរូ​ និង​ត្រូវ​បាន​ចែង​ទុក​សម្រាប់​ការ​ព្រមាន​ដល់​យើង​ដែល​រស់នៅ​សម័យ​ចុង​ក្រោយ​នេះ។​

12. ដូច្នេះ​អ្នក​ដែល​ស្មាន​ថា​ ​ខ្លួន​ឈរ​មាំមួន​ហើយ​ ចូរ​ប្រយ័ត្ន​ ក្រែងលោ​ដួល​

13. គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ទេ​ ក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក​ រីឯ​ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គនឹង​មិន​បណ្តោយ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​ល្បួង​ហួស​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​ទ្រាំ​បាន​ឡើយ​ គឺ​ព្រះអង្គ​នឹង​ប្រទាន​ផ្លូវ​ចេញ​នៅ​ពេលមាន​សេចក្ដី​ល្បួង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ទ្រាំទ្រ​បាន។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 10