7. ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
8. ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
9. ព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាឲ្យមានសេចក្ដីប្រកបជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
10. ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នាដោយមានចិត្ដតែមួយ និងគំនិតតែមួយ។
11. ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា
12. ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។
13. តើព្រះគ្រិស្ដត្រូវបំបែកជាច្រើនចំណែកឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល?
14. ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ
15. ដូច្នេះគ្មានអ្នកណាម្នាក់អាចនិយាយបានថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះខ្ញុំឡើយ។
16. មែនហើយ ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យក្រុមគ្រួសារលោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនដឹងថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាផ្សេងទៀតទេ។
17. ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដីដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។
18. ដ្បិតដំណឹងល្អអំពីឈើឆ្កាងជាសេចក្ដីចម្កួតសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្ដែជាអំណាចរបស់ព្រះជាម្ចាស់សម្រាប់យើង ដែលកំពុងទទួលការសង្គ្រោះ
19. ព្រោះមានសេចក្ដីចែងទុកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ ហើយបដិសេធចំណេះរបស់មនុស្សឆ្លាតវៃ»
20. តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ខ្លៅទេឬ?
21. ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ
22. ពីព្រោះជនជាតិយូដាសុំទីសំគាល់ ហើយជនជាតិក្រេកស្វែងរកប្រាជ្ញា
23. រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ
24. ប៉ុន្ដែព្រះគ្រិស្ដជាអំណាចរបស់ព្រះជាម្ចាស់ និងជាប្រាជ្ញារបស់ព្រះជាម្ចាស់សម្រាប់ពួកអ្នកដែលព្រះអង្គត្រាស់ហៅ ទាំងជនជាតិយូដា និងជនជាតិក្រេក