4. ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ
5. គឺថា ដោយសារព្រះអង្គ អ្នករាល់គ្នាបានចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់ គឺទាំងពាក្យសំដី និងចំណេះដឹងគ្រប់យ៉ាង
6. ដ្បិតសេចក្ដីបន្ទាល់អំពីព្រះគ្រិស្ដបានបញ្ជាក់នៅក្នុងអ្នករាល់គ្នា
7. ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
8. ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
9. ព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាឲ្យមានសេចក្ដីប្រកបជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
10. ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នាដោយមានចិត្ដតែមួយ និងគំនិតតែមួយ។
11. ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា
12. ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។
13. តើព្រះគ្រិស្ដត្រូវបំបែកជាច្រើនចំណែកឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល?