3. កាលពីមុនយើងទាំងអស់គ្នាក៏ធ្លាប់រស់នៅតាមចំណង់តណ្ហាសាច់ឈាមរបស់យើងក្នុងចំណោមពួកគេដែរ ទាំងបានប្រព្រឹត្ដតាមបំណង និងគំនិតខាងសាច់ឈាម ហើយយើងជាកូននៃសេចក្ដីក្រោធពីកំណើតដូចជាអ្នកដទៃទៀតដែរ
4. ប៉ុន្ដែព្រះជាម្ចាស់ដែលមានសេចក្ដីមេត្តាករុណាដ៏បរិបូរ ព្រះអង្គស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះអង្គ
5. ទោះបីយើងបានស្លាប់នៅក្នុងកំហុសរបស់យើងក៏ដោយ ក៏ព្រះអង្គប្រោសយើងឲ្យមានជីវិតរួមជាមួយព្រះគ្រិស្ដដែរ ដូច្នេះ អ្នករាល់គ្នាទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ
6. ហើយនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដ និងបានឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅឯស្ថានសួគ៌
7. ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ
8. ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះជាម្ចាស់
9. ហើយក៏មិនមែនមកពីការប្រព្រឹត្តិដែរ ក្រែងលោមានអ្នកណាម្នាក់អួតខ្លួន
10. ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។
11. ដូច្នេះ ចូរចាំថាពីមុនអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកដែលហៅថាពួកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថាពួកមិនកាត់ស្បែក
12. ពេលនោះ អ្នករាល់គ្នាគ្មានព្រះគ្រិស្ដទេ ហើយមិនត្រូវបានរាប់បញ្ចូលថាជាជនជាតិអ៊ីស្រាអែលឡើយ ក៏ជាអ្នកក្រៅខាងឯកិច្ចព្រមព្រៀងនៃសេចក្ដីសន្យា គ្មានសង្ឃឹម និងគ្មានព្រះជាម្ចាស់នៅក្នុងលោកិយនេះផង
13. ប៉ុន្ដែនៅក្នុងព្រះគ្រិស្ដយេស៊ូ អ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតវិញ ដោយសារឈាមរបស់ព្រះគ្រិស្ដ។
14. ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើឲ្យទាំងពីររួមមកតែមួយ ហើយបំផ្លាញជញ្ជាំងដែលខណ្ឌផ្ដាច់ និងភាពជាសត្រូវ ដោយរូបកាយរបស់ព្រះអង្គ
15. គឺព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ និងសេចក្ដីបង្គាប់ទាំងឡាយចោល ដើម្បីឲ្យព្រះអង្គយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ ទាំងធ្វើឲ្យមានសេចក្ដីសុខសាន្ត
16. ហើយដើម្បីឲ្យព្រះអង្គផ្សះផ្សាទាំងពីរជាមួយព្រះជាម្ចាស់នៅក្នុងរូបកាយតែមួយតាមរយៈឈើឆ្កាង ដោយបានលុបបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាង។
17. ពេលព្រះអង្គយាងមក ព្រះអង្គបានប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា ជាអ្នកឆ្ងាយ និងដល់អស់អ្នកជាអ្នកជិតដែរ
18. ព្រោះតាមរយៈព្រះអង្គ យើងទាំងពីរមានផ្លូវទៅឯព្រះវរបិតាដោយព្រះវិញ្ញាណតែមួយ។
19. ហេតុនេះអ្នករាល់គ្នាលែងជាអ្នកក្រៅ ឬជាជនបរទេសទៀតហើយ ផ្ទុយទៅវិញ អ្នករាល់គ្នាជាជនរួមជាតិរបស់ពួកបរិសុទ្ធ ព្រមទាំងជាអ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតផង