គម្ពីរសញ្ញាថ្មី

អេភេសូ 1:14-22 Khmer Christian Bible (KCB)

14. គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ជា​របស់​បញ្ចាំ​ចិត្ដ​សម្រាប់​មរតក​របស់យើង​ រហូត​ទាល់​តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់ព្រះអង្គ​ ដើម្បី​ជា​ការ​សរសើរ​ដល់​សិរី​រុងរឿង​របស់​ព្រះអង្គ។​

15. ហេតុ​នេះ​ហើយ​ នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះអម្ចាស់​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

16. ខ្ញុំ​មិន​បាន​ឈប់​អរព្រះគុណ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ឡើយ​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​

17. ដើម្បី​សូម​ឲ្យ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះវរបិតា​នៃ​សិរី​រុងរឿង​ប្រទាន​ដល់​អ្នក​រាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា​ និង​ការ​បើក​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ​

18. ហើយ​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​ឡើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ សេចក្ដី​សង្ឃឹម​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ជា​យ៉ាង​ណា​ មរតក​របស់​ព្រះអង្គ​នៅ​ក្នុង​ពួក​បរិសុទ្ធ​មាន​សិរី​រុងរឿង​ដ៏​បរិបូរ​ជា​យ៉ាង​ណា​

19. ហើយ​អំណាច​របស់​ព្រះអង្គ​មាន​ភាព​អស្ចារ្យ​លើសលប់​ជា​យ៉ាង​ណា​សម្រាប់​យើង​ជា​អ្នក​ជឿ​ដែល​ស្រប​តាម​អានុភាព​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ​

20. អំណាច​នេះ​ព្រះជាម្ចាស់​បាន​ធ្វើ​ការ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដោយ​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ឯ​ស្ថានសួគ៌​

21. ខ្ពស់​លើ​អស់​ទាំង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ អំណាច​ អំណាច​គ្រប់គ្រង​ និង​អស់​ទាំង​ឈ្មោះ​ដែល​ហៅ​ មិន​ត្រឹម​តែ​នៅ​ជំនាន់​នេះ​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ជំនាន់​ដែល​នឹង​មក​ដល់​ទៀត​ផង​

22. ហើយ​ព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​របស់​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​តែង​តាំង​ព្រះអង្គ​ជា​ព្រះសិរ​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុមជំនុំ​

សូមអានជំពូកពេញលេញ អេភេសូ 1