គម្ពីរសញ្ញាថ្មី

អេភេសូ 1:11-19 Khmer Christian Bible (KCB)

11. ហើយ​នៅ​ក្នុង​ព្រះអង្គ​ដែរ​ យើង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​ ដែល​បាន​កំណត់​ទុក​ជា​មុន​ស្រប​តាម​គម្រោង​ការ​របស់​ព្រះអង្គ​ ដែល​ធ្វើ​ការ​ទាំង​អស់​ស្រប​តាម​ការ​សម្រេច​ព្រះហឫទ័យ​របស់​ព្រះអង្គ​

12. ដើម្បី​ឲ្យ​យើង​ដែល​ជា​អ្នក​មាន​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រិស្ដ​មុន​គេ​បាន​សរសើរ​សិរី​រុងរឿង​របស់​ព្រះអង្គ។​

13. នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ​ គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​ព្រះអង្គ​ ពេល​អ្នក​រាល់គ្នា​ជឿ​ នោះ​អ្នក​រាល់គ្នា​ក៏​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​ដែរ​

14. គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ជា​របស់​បញ្ចាំ​ចិត្ដ​សម្រាប់​មរតក​របស់យើង​ រហូត​ទាល់​តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់ព្រះអង្គ​ ដើម្បី​ជា​ការ​សរសើរ​ដល់​សិរី​រុងរឿង​របស់​ព្រះអង្គ។​

15. ហេតុ​នេះ​ហើយ​ នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះអម្ចាស់​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

16. ខ្ញុំ​មិន​បាន​ឈប់​អរព្រះគុណ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ឡើយ​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​

17. ដើម្បី​សូម​ឲ្យ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះវរបិតា​នៃ​សិរី​រុងរឿង​ប្រទាន​ដល់​អ្នក​រាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា​ និង​ការ​បើក​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ​

18. ហើយ​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​ឡើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ សេចក្ដី​សង្ឃឹម​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ជា​យ៉ាង​ណា​ មរតក​របស់​ព្រះអង្គ​នៅ​ក្នុង​ពួក​បរិសុទ្ធ​មាន​សិរី​រុងរឿង​ដ៏​បរិបូរ​ជា​យ៉ាង​ណា​

19. ហើយ​អំណាច​របស់​ព្រះអង្គ​មាន​ភាព​អស្ចារ្យ​លើសលប់​ជា​យ៉ាង​ណា​សម្រាប់​យើង​ជា​អ្នក​ជឿ​ដែល​ស្រប​តាម​អានុភាព​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ​

សូមអានជំពូកពេញលេញ អេភេសូ 1