15. ហេតុនេះហើយបានជាព្រះអង្គជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅទទួលបានមរតកដ៏អស់កល្បជានិច្ចដែលបានសន្យា ដោយព្រះអង្គសោយទិវង្គត ដើម្បីលោះគេឲ្យរួចពីការល្មើសទាំងឡាយដែលបានប្រព្រឹត្តកាលនៅក្រោមកិច្ចព្រមព្រៀងមុន។
16. ដ្បិតទីណាមានបណ្ដាំមរតក ទីនោះត្រូវតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលសរសេរបណ្ដាំបានស្លាប់ហើយ
17. ដ្បិតបណ្ដាំមរតកអាចយកជាការបាន លុះត្រាតែអ្នកសរសេរបានស្លាប់ហើយ ប៉ុន្ដែពេលអ្នកសរសេរនៅរស់នៅឡើយ បណ្ដាំនោះមិនអាចយកជាការបានទេ
18. ដូច្នេះហើយ កិច្ចព្រមព្រៀងមុនក៏មិនអាចយកជាការបានដែរ បើគ្មានឈាម។
19. ដ្បិតពេលលោកម៉ូសេបានប្រកាសប្រាប់ប្រជាជនទាំងអស់អំពីបញ្ញត្ដិទាំងឡាយស្របតាមគម្ពីរវិន័យរួចហើយ គាត់ក៏យករោមចៀមពណ៌ក្រហមទុំ និងស្លឹកហ៊ីសុបមកជ្រលក់នៅក្នុងឈាមកូនគោ ឈាមពពែ និងទឹក ហើយប្រោះលើគម្ពីរ និងប្រជាជនទាំងអស់
20. ទាំងនិយាយថា នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានបង្គាប់មកអ្នករាល់គ្នា។
21. បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។
22. ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។
23. ដូច្នេះ ចាំបាច់ត្រូវឲ្យគំរូនៃអ្វីៗ ដែលនៅស្ថានសួគ៌មានការសំអាតដោយពិធីទាំងនេះ ប៉ុន្ដែអ្វីៗដែលនៅស្ថានសួគ៌នោះត្រូវសំអាតដោយយញ្ញបូជាដ៏ប្រសើរជាងនេះ
24. ដ្បិតព្រះគ្រិស្ដមិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើឡើងដោយដៃមនុស្ស ដែលគ្រាន់តែជារូបតំណាងនៃរបស់ពិតប៉ុណ្ណោះទេ គឺព្រះអង្គបានយាងចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញអង្គទ្រង់ជំនួសយើងនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់នៅពេលឥឡូវនេះ។
25. ព្រះអង្គមិនបានថ្វាយអង្គទ្រង់ជាច្រើនលើក ដូចជាសម្ដេចសង្ឃដែលចូលក្នុងទីបរិសុទ្ធបំផុតជារៀងរាល់ឆ្នាំដោយយកឈាមដែលមិនមែនជារបស់ខ្លួនឯងនោះឡើយ
26. ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
27. មនុស្សត្រូវកំណត់ឲ្យស្លាប់មួយដង ហើយបន្ទាប់មកត្រូវជាប់ជំនុំជម្រះជាយ៉ាងណា
28. ព្រះគ្រិស្ដក៏ថ្វាយអង្គទ្រង់តែមួយដង ដើម្បីដកយកបាបចេញពីមនុស្សជាច្រើនជាយ៉ាងនោះដែរ ព្រះអង្គនឹងបង្ហាញខ្លួនជាលើកទីពីរ ប៉ុន្ដែគ្មានការដកយកបាបទៀតទេ គឺសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ។