គម្ពីរសញ្ញាថ្មី

ហេព្រើរ 9:14-21 Khmer Christian Bible (KCB)

14. នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​

15. ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ទទួល​បាន​មរតក​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​សន្យា​ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​ ដើម្បី​លោះ​គេ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មុន។​

16. ដ្បិត​ទី​ណា​មាន​បណ្ដាំ​មរតក​ ទី​នោះ​ត្រូវ​តែ​មាន​សេចក្ដី​បញ្ជាក់​ថា​ អ្នក​ដែល​សរសេរ​បណ្ដាំបាន​ស្លាប់​ហើយ​

17. ដ្បិត​បណ្ដាំមរតក​អាច​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​អ្នក​សរសេរ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​អ្នក​សរសេរ​នៅ​រស់នៅ​ឡើយ​ បណ្ដាំ​នោះ​មិន​អាច​យក​ជា​ការ​បាន​ទេ​

18. ដូច្នេះ​ហើយ​ កិច្ច​ព្រមព្រៀង​មុន​ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ​ បើ​គ្មាន​ឈាម‍។​

19. ដ្បិត​ពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​អំពី​បញ្ញត្ដិ​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​រួច​ហើយ​ គាត់​ក៏​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ​ និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅ​ក្នុង​ឈាម​កូន​គោ​ ឈាម​ពពែ​ និង​ទឹក​ ហើយ​ប្រោះ​លើ​គម្ពីរ​ និង​ប្រជាជន​ទាំង​អស់​

20. ទាំង​និយាយ​ថា​ នេះ​ជា​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​អ្នក​រាល់គ្នា។​

21. បន្ទាប់​មក​ គាត់​ក៏​ប្រោះ​ឈាម​បែប​ដូច្នោះ​ដែរ​ ទៅ​លើ​រោង​ និង​ទៅលើ​ឧបករណ៍​ទាំង​អស់​សម្រាប់​ការ​បម្រើ។​

សូមអានជំពូកពេញលេញ ហេព្រើរ 9