គម្ពីរសញ្ញាថ្មី

ហេព្រើរ 7:5-19 Khmer Christian Bible (KCB)

5. រីឯ​ពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្របតាម​គម្ពីរ​វិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​ គឺ​ពី​បងប្អូន​របស់​ពួកគេ​ ទោះបី​អ្នក​ទាំង​នោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ក៏​ដោយ។​

6. លោក​ម៉ិលគីស្សាដែក​មិន​ជាប់​សាច់ឈាម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​គាត់​បាន​ទទួល​យក​មួយ​ភាគ​ដប់​ពី​លោក​អ័ប្រាហាំ​ ហើយ​បាន​ឲ្យ​ពរ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​ទទួល​បាន​សេចក្ដី​សន្យា។​

7. អ្នក​ធំ​ឲ្យ​ពរ​អ្នក​តូច​ នោះ​គ្មាន​ទាស់​អ្វី​ឡើយ​

8. ហើយ​ក្នុង​ករណី​នេះ​មនុស្ស​ដែល​តែងតែ​ស្លាប់​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ប៉ុន្ដែ​ក្នុង​ករណី​មួយ​ទៀត​ គឺ​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​ថាគាត់​មាន​ជីវិត​រស់​ ជា​អ្នក​ទទួល​វិញ។​

9. អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា សូម្បី​តែ​លោក​លេវី​ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​តាមរយៈ​លោក​អ័ប្រាហាំ​ដែរ​

10. ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​ជួប​លោក​អ័ប្រាហាំ​ នោះ​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូនតា​របស់​គាត់​នៅ​ឡើយ​ទេ។​

11. ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​

12. ដ្បិត​ពេល​ណា​មុខ​ងារ​ជា​សង្ឃ​ប្រែ​ប្រួល​ នោះ​ក្រឹត្យវិន័យ​ត្រូវ​តែ​ប្រែប្រួល​ដែរ។​

13. ដ្បិត​ព្រះ​មួយ​អង្គ​ដែល​សេចក្ដី​ទាំងឡាយ​បាន​ប្រាប់​មក​នោះ​ ព្រះអង្គ​មក​ពី​កុលសម្ព័ន្ធ​មួយ​ ដែល​គ្មាន​អ្នកណា​ម្នាក់​ពី​កុល​សម្ព័ន្ធ​នោះ​ធ្លាប់​បម្រើ​នៅ​កន្លែង​ថ្វាយ​តង្វាយ​ឡើយ។​

14. ដ្បិត​ជាក់​ស្ដែង​ណាស់​ ព្រះអម្ចាស់​របស់​យើង​មក​ពី​កុលសម្ព័ន្ធ​យូដា​ ប៉ុន្ដែ​ចំពោះកុលសម្ព័ន្ធ​នេះ​ លោក​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​សង្ឃ​ទេ។​

15. សេចក្ដី​នេះ​កាន់​តែ​ច្បាស់​ថែម​ទៀត​ បើ​មាន​សង្ឃ​ម្នាក់​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​

16. គឺ​មិន​មែន​ជា​សង្ឃ​ស្រប​ទៅ​តាម​ក្រឹត្យវិន័យ​ដែល​ជា​បញ្ញត្ដិ​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ស្រប​ទៅ​តាម​អំណាច​នៃ​ជីវិត​ដ៏​មិន​សាបសូន្យ​វិញ​

17. ដ្បិត​មាន​សេចក្ដី​បន្ទាល់​ថា៖​ «ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។​

18. រីឯ​បញ្ញត្ដិ​ពីមុន​ត្រលប់​ជា​មិន​បាន​ការ​ ព្រោះ​បញ្ញត្ដិ​ទាំង​នោះ​ខ្សោយ​ ហើយ​គ្មាន​ប្រយោជន៍​

19. (ដ្បិត​គម្ពីរ​វិន័យ​មិន​នាំ​ឲ្យ​គ្រប់​លក្ខណ៍​ឡើយ)​ ដូច្នេះ​សេចក្ដី​សង្ឃឹម​មួយ​ដែល​ប្រសើរ​ជាង​ត្រូវ​បាន​នាំ​ចូល​មក ហើយ​យើង​អាច​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​បាន​តាមរយៈ​សេចក្ដី​សង្ឃឹម​នោះ‍។​

សូមអានជំពូកពេញលេញ ហេព្រើរ 7