គម្ពីរសញ្ញាថ្មី

ហេព្រើរ 7:3-13 Khmer Christian Bible (KCB)

3. គាត់​គ្មាន​ឪពុក​ម្ដាយ​ គ្មាន​ពង្សាវតារ​ គ្មាន​ថ្ងៃ​កើត​ ឬ​ថ្ងៃ​ស្លាប់​ឡើយ​ គឺ​គាត់​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​ នៅ​ជា​សង្ឃ​រៀង​រហូត​ទៅ។​

4. ពិចារណា​មើល​ចុះ​ លោក​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ បាន​ជា​សូម្បី​តែ​លោក​អ័ប្រាហាំ​ជា​បុព្វបុរស​របស់​យើង​ ក៏​យក​មួយ​ភាគ​ដប់​ពី​ជ័យ​ភណ្ឌ​មក​ជូន​គាត់​ដូច្នេះ។​

5. រីឯ​ពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្របតាម​គម្ពីរ​វិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​ គឺ​ពី​បងប្អូន​របស់​ពួកគេ​ ទោះបី​អ្នក​ទាំង​នោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ក៏​ដោយ។​

6. លោក​ម៉ិលគីស្សាដែក​មិន​ជាប់​សាច់ឈាម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​គាត់​បាន​ទទួល​យក​មួយ​ភាគ​ដប់​ពី​លោក​អ័ប្រាហាំ​ ហើយ​បាន​ឲ្យ​ពរ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​ទទួល​បាន​សេចក្ដី​សន្យា។​

7. អ្នក​ធំ​ឲ្យ​ពរ​អ្នក​តូច​ នោះ​គ្មាន​ទាស់​អ្វី​ឡើយ​

8. ហើយ​ក្នុង​ករណី​នេះ​មនុស្ស​ដែល​តែងតែ​ស្លាប់​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ប៉ុន្ដែ​ក្នុង​ករណី​មួយ​ទៀត​ គឺ​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​ថាគាត់​មាន​ជីវិត​រស់​ ជា​អ្នក​ទទួល​វិញ។​

9. អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា សូម្បី​តែ​លោក​លេវី​ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​តាមរយៈ​លោក​អ័ប្រាហាំ​ដែរ​

10. ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​ជួប​លោក​អ័ប្រាហាំ​ នោះ​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូនតា​របស់​គាត់​នៅ​ឡើយ​ទេ។​

11. ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​

12. ដ្បិត​ពេល​ណា​មុខ​ងារ​ជា​សង្ឃ​ប្រែ​ប្រួល​ នោះ​ក្រឹត្យវិន័យ​ត្រូវ​តែ​ប្រែប្រួល​ដែរ។​

13. ដ្បិត​ព្រះ​មួយ​អង្គ​ដែល​សេចក្ដី​ទាំងឡាយ​បាន​ប្រាប់​មក​នោះ​ ព្រះអង្គ​មក​ពី​កុលសម្ព័ន្ធ​មួយ​ ដែល​គ្មាន​អ្នកណា​ម្នាក់​ពី​កុល​សម្ព័ន្ធ​នោះ​ធ្លាប់​បម្រើ​នៅ​កន្លែង​ថ្វាយ​តង្វាយ​ឡើយ។​

សូមអានជំពូកពេញលេញ ហេព្រើរ 7