7. ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដ
8. ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ»។ នៅពេលព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងគេ ព្រះអង្គមិនបានទុកឲ្យអ្វីមួយមិនចុះចូលនឹងគេឡើយ ប៉ុន្ដែឥឡូវនេះ យើងមិនទាន់ឃើញរបស់ទាំងអស់ចុះចូលនឹងគេនៅឡើយទេ។
9. ប៉ុន្ដែយើងឃើញព្រះយេស៊ូដែលព្រះជាម្ចាស់បានធ្វើឲ្យទាបជាងពួកទេវតាតែបន្ដិចប៉ុណ្ណោះ បានទទួលសិរីរុងរឿង និងកិត្តិយសទុកជាមកុដ ព្រោះព្រះអង្គបានរងទុក្ខក្នុងការសោយទិវង្គត ដើម្បីភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់
10. ហើយដើម្បីនាំកូនជាច្រើនមកទទួលសិរីរុងរឿង នោះស័ក្ដិសមឲ្យព្រះជាម្ចាស់ដែលអ្វីៗទាំងអស់បានកើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ ធ្វើឲ្យម្ចាស់នៃសេចក្ដីសង្រ្គោះរបស់ពួកគេបានគ្រប់លក្ខណ៍តាមរយៈការរងទុក្ខលំបាក។
11. ព្រះអង្គដែលញែកមនុស្សជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គបានញែកជាបរិសុទ្ធមានព្រះវរបិតាតែមួយទេ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅពួកគេថាបងប្អូនឡើយ
12. គឺព្រះអង្គមានបន្ទូលថា៖ «ខ្ញុំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ខ្ញុំ ហើយខ្ញុំនឹងច្រៀងសរសើរព្រះអង្គនៅកណ្ដាលចំណោមក្រុមជំនុំ»។
13. ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ហើយមានបន្ទូលទៀតថា៖ «មើល៍ ខ្ញុំ និងកូនៗដែលព្រះជាម្ចាស់ប្រទានមកខ្ញុំ»។
14. ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ
15. និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករអស់មួយជីវិត ដោយព្រោះខ្លាចសេចក្ដីស្លាប់។
16. ព្រះអង្គពិតជាមិនបានផ្ដល់ជំនួយដល់ទេវតាទេ គឺព្រះអង្គបានផ្ដល់ជំនួយដល់ពូជពង្សរបស់លោកអ័ប្រាហាំ
17. ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន
18. ព្រោះព្រះអង្គធ្លាប់រងទុក្ខ ទាំងត្រូវល្បួងផង ដូច្នេះព្រះអង្គក៏អាចជួយពួកអ្នកដែលត្រូវល្បួងបានដែរ។