1. ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀតចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវរសាត់ចេញ។
2. ដ្បិតបើព្រះបន្ទូលដែលបានប្រកាសតាមរយៈពួកទេវតាអាចយកជាការបាន ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលទោសយ៉ាងយុត្តិធម៌ទៅហើយ
3. តើឲ្យយើងរួចខ្លួនបានយ៉ាងដូចម្តេច នៅពេលដែលយើងធ្វេសប្រហែសនឹងសេចក្ដីសង្គ្រោះដ៏ធំនេះ? ដ្បិតព្រះអម្ចាស់បានប្រកាសជាលើកដំបូងអំពីសេចក្ដីសង្គ្រោះនេះ ហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរ
4. ដោយមានព្រះជាម្ចាស់ធ្វើបន្ទាល់ជាមួយផង តាមរយៈទីសំគាល់ ការអស្ចារ្យ និងកិច្ចការដ៏មានអំណាចជាច្រើន ព្រមទាំងតាមរយៈអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធស្របតាមបំណងរបស់ព្រះអង្គផង។
5. ព្រះជាម្ចាស់មិនបានដាក់លោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យនៅក្រោមការត្រួតត្រារបស់ពួកទេវតាឡើយ
6. ប៉ុន្ដែមានម្នាក់បានធ្វើបន្ទាល់នៅកន្លែងមួយថា៖ «តើមនុស្សជាអ្វី បានជាព្រះអង្គនឹកចាំពីគេ តើកូនមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់ចំពោះគេ?
7. ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គបានប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដ
8. ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឲ្យនៅក្រោមជើងរបស់គេ»។ នៅពេលព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងគេ ព្រះអង្គមិនបានទុកឲ្យអ្វីមួយមិនចុះចូលនឹងគេឡើយ ប៉ុន្ដែឥឡូវនេះ យើងមិនទាន់ឃើញរបស់ទាំងអស់ចុះចូលនឹងគេនៅឡើយទេ។
9. ប៉ុន្ដែយើងឃើញព្រះយេស៊ូដែលព្រះជាម្ចាស់បានធ្វើឲ្យទាបជាងពួកទេវតាតែបន្ដិចប៉ុណ្ណោះ បានទទួលសិរីរុងរឿង និងកិត្តិយសទុកជាមកុដ ព្រោះព្រះអង្គបានរងទុក្ខក្នុងការសោយទិវង្គត ដើម្បីភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់
10. ហើយដើម្បីនាំកូនជាច្រើនមកទទួលសិរីរុងរឿង នោះស័ក្ដិសមឲ្យព្រះជាម្ចាស់ដែលអ្វីៗទាំងអស់បានកើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ ធ្វើឲ្យម្ចាស់នៃសេចក្ដីសង្រ្គោះរបស់ពួកគេបានគ្រប់លក្ខណ៍តាមរយៈការរងទុក្ខលំបាក។
11. ព្រះអង្គដែលញែកមនុស្សជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គបានញែកជាបរិសុទ្ធមានព្រះវរបិតាតែមួយទេ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅពួកគេថាបងប្អូនឡើយ
12. គឺព្រះអង្គមានបន្ទូលថា៖ «ខ្ញុំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ខ្ញុំ ហើយខ្ញុំនឹងច្រៀងសរសើរព្រះអង្គនៅកណ្ដាលចំណោមក្រុមជំនុំ»។
13. ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ហើយមានបន្ទូលទៀតថា៖ «មើល៍ ខ្ញុំ និងកូនៗដែលព្រះជាម្ចាស់ប្រទានមកខ្ញុំ»។
14. ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ