គម្ពីរសញ្ញាថ្មី

ហេព្រើរ 13:5-14 Khmer Christian Bible (KCB)

5. ចូរ​កុំ​រស់នៅ​ដោយ​ការ​ស្រឡាញ់​លុយឡើយ​ ចូរ​ស្កប់ចិត្ត​នឹង​អ្វី​ដែល​មាន​នៅ​ពេល​នេះ​ចុះ​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ថា៖ «យើង​មិន​ចាកចេញ​ពី​អ្នក​ ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ជា​ដាច់ខាត»។​

6. ហេតុនេះ​ហើយ​បាន​ជា​យើង​និយាយ​ ដោយ​ចិត្ដ​ក្លាហាន​ថា៖​ «ព្រះអម្ចាស់​ជាអ្នក​ជួយ​ខ្ញុំ​ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ​ តើ​មនុស្ស​ធ្វើ​អ្វី​ខ្ញុំ​បាន?»

7. ​ចូរ​នឹក​ចាំ​ពី​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ដែល​បាន​និយាយ​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ចូរ​សង្កេត​មើល​លទ្ធផល​នៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។​

8. ព្រះយេស៊ូ​គ្រិស្ដ​នៅតែ​ដដែល​ ម្សិលមិញ​ ថ្ងៃនេះ​ និង​រហូត​ដល់​អស់កល្ប​ជានិច្ច។​

9. កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

10. ​យើង​មាន​កន្លែង​ថ្វាយ​តង្វាយ​មួយ​ដែល​ពួកអ្នកបម្រើ​នៅ​ក្នុង​រោង​គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ពី​កន្លែង​ថ្វាយ​តង្វាយ​នោះ​ឡើយ

11. ​ដ្បិត​សម្ដេច​សង្ឃ​យក​ឈាម​របស់​សត្វ​ទាំងឡាយ​មក​ក្នុង​ទី​បរិសុទ្ធ​ទុក​ជា​តង្វាយ​លោះបាប​ ប៉ុន្ដែ​សាកសព​របស់​ពួក​វា​វិញ​ ត្រូវ​ដុត​ចោល​នៅ​ក្រៅ​ជំរំ​

12. ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ត្រូវ​រងទុក្ខ​នៅ​ក្រៅ​ទ្វារ​ក្រុង​ដែរ​ ដើម្បី​ញែក​ប្រជារាស្ដ្រ​ជា​បរិសុទ្ធ​ដោយ​ឈាម​របស់​ព្រះអង្គ

13. ​ដូច្នេះ​ ចូរ​ឲ្យយើង​ចេញ​ទៅ​ឯ​ព្រះអង្គ​នៅ​ក្រៅ​ជំរំ​ ទាំង​ផ្ទុក​សេចក្ដី​ត្មះតិះ​ដៀល​របស់​ព្រះអង្គ​ចុះ​

14. ដ្បិត​នៅ​ផែនដី​នេះ​ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិតស្ថេរ​ទេ​ គឺ​យើង​កំពុង​ស្វែង​រក​ក្រុង​ដែល​នឹង​មក​ដល់។

សូមអានជំពូកពេញលេញ ហេព្រើរ 13