13. ដូច្នេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅក្រៅជំរំ ទាំងផ្ទុកសេចក្ដីត្មះតិះដៀលរបស់ព្រះអង្គចុះ
14. ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។
15. ដូច្នេះ តាមរយៈព្រះអង្គ ចូរឲ្យយើងថ្វាយការសរសើរជាយញ្ញបូជាដល់ព្រះជាម្ចាស់ជានិច្ច គឺជាផលពីបបូរមាត់ដែលប្រកាសអំពីព្រះនាមរបស់ព្រះអង្គ។
16. កុំភ្លេចប្រព្រឹត្ដល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។
17. ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។
18. សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ ហើយចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។
19. ជាពិសេស ខ្ញុំអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រលប់មកឯអ្នករាល់គ្នាកាន់តែឆាប់។
20. សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើង និងជាអ្នកគង្វាលចៀមដ៏ឧត្ដម ឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះ
21. ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាងដោយសារឈាមនៃកិច្ចព្រមព្រៀងដ៏អស់កល្បជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងរបស់ព្រះអង្គ ដោយព្រះអង្គធ្វើការដែលសព្វព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! អាម៉ែន!
22. ប៉ុន្ដែបងប្អូនអើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យស៊ូទ្រាំស្ដាប់ពាក្យដាស់តឿននេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។
23. សូមជ្រាបថា គេបានដោះលែងធីម៉ូថេជាបងប្អូនរបស់យើងហើយ បើគាត់មកដល់ឆាប់ៗនេះ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយនឹងគាត់ដែរ។
24. សូមជម្រាបសួរដល់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ ពួកអ្នកដែលមកពីស្រុកអ៊ីតាលីក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
25. សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ៕