9. ម្យ៉ាងទៀត យើងមានឪពុកខាងសាច់ឈាមដែលជាអ្នកវាយប្រដៅយើង ហើយយើងនៅតែគោរពគាត់ទៀតផង ដូច្នេះ តើយើងមិនគួរចុះចូលនឹងឪពុកខាងវិញ្ញាណឲ្យកាន់តែខ្លាំងទៀតទេឬ ដើម្បីឲ្យយើងមានជីវិត?
10. ដ្បិតឪពុកខាងសាច់ឈាមវាយប្រដៅយើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯឪពុកខាងវិញ្ញាណវិញ ព្រះអង្គវាយប្រដៅយើងសម្រាប់ជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងទទួលបានសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ។
11. ពេលមានការវាយប្រដៅ ពេលនោះ មើលទៅដូចជាព្រួយណាស់ មិនសប្បាយទេ ប៉ុន្ដែក្រោយមកទើបបង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតដល់អស់អ្នកដែលបានទទួលការហ្វឹកហ្វឺនតាមរបៀបនោះ។
12. ដូច្នេះ ចូរឲ្យដៃដែលរួយ និងជង្គង់ដែលខ្សោយនោះមានកម្លាំងឡើង
13. ហើយចូរតម្រង់ផ្លូវឲ្យត្រង់សម្រាប់ជើងរបស់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកដែលពិការជើងត្រូវបែរចេញឡើយ ប៉ុន្តែឲ្យបានជាវិញ។
14. ចូរដេញតាមសេចក្ដីសុខសាន្ដ និងសេចក្ដីបរិសុទ្ធជាមួយមនុស្សទាំងអស់ចុះ ដ្បិតបើគ្មានសេចក្ដីបរិសុទ្ធទេ នោះគ្មានអ្នកណានឹងឃើញព្រះអម្ចាស់ឡើយ។
15. ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់មិនបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ហើយកុំឲ្យឫសនៃភាពជូរចត់ពន្លកឡើង ដែលនាំឲ្យមានចលាចល ធ្វើឲ្យមនុស្សជាច្រើនមិនបរិសុទ្ធដោយសារសេចក្ដីទាំងនោះ
16. ចូរប្រយ័ត្ន កុំឲ្យមានអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ឬអ្នកមិនកោតខ្លាចព្រះជាម្ចាស់ដូចជាអេសាវ ដែលបានលក់សិទ្ធិកូនច្បងរបស់ខ្លួន ដោយព្រោះអាហារមួយពេលនោះឡើយ
17. ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមក នៅពេលគាត់ចង់បានពរទុកជាមរតក នោះគាត់ក៏ត្រូវបានបដិសេធវិញ ទោះបីគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏រកឱកាសប្រែចិត្តមិនបានឡើយ។
18. អ្នករាល់គ្នាមិនបានចូលមកឯភ្នំដែលអាចប៉ះបាន មានភ្លើងឆេះ មានពពកខ្មួលខ្មាញ់ មានផ្សែងងងឹត មានខ្យល់ព្យុះ
19. មានស្នូរត្រែ និងសំឡេងព្រះបន្ទូល ដែលពួកអ្នកឮបានអង្វរសុំកុំឲ្យព្រះអង្គមានបន្ទូលមកពួកគេទៀត
20. ដ្បិតពួកគេមិនអាចស៊ូទ្រាំនឹងសេចក្ដីដែលបានបង្គាប់មកថា សូម្បីតែសត្វដែលប៉ះពាល់ភ្នំ ក៏ត្រូវគប់នឹងដុំថ្មដែរ។