គម្ពីរសញ្ញាថ្មី

ហេព្រើរ 12:3-17 Khmer Christian Bible (KCB)

3. ដូច្នេះ​ ចូរ​ពិចារណា​អំពី​ព្រះអង្គ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​ប្រឆាំង​របស់​មនុស្ស​បាប​ទាស់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​កុំ​ឲ្យអ្នក​រាល់គ្នា​នឿយ​ណាយ និង​បាក់​ទឹកចិត្ត​ឡើយ។​

4. អ្នក​រាល់គ្នា​មិន​ទាន់​តស៊ូ​ក្នុង​ការ​តយុទ្ធ​នឹង​បាប​រហូត​ដល់​បង្ហូរ​ឈាម​នៅ​ឡើយ​ទេ​

5. ប៉ុន្ដែ​អ្នក​រាល់គ្នា​ភ្លេច​ការ​លើក​ទឹកចិត្ដ​ ដែល​ព្រះអង្គបាន​មាន​បន្ទូល​មក​អ្នក​រាល់គ្នា​ ទុក​ដូច​ជា​កូន​ថា៖​ «កូន​អើយ!​ កុំ​មើលងាយ​ការ​វាយ​ប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ​ ហើយ​កុំ​បាក់​ទឹកចិត្ដ​នៅ​ពេល​ដែល​ព្រះអង្គ​កែតម្រង់​ដែរ​

6. ដ្បិត​ព្រះអម្ចាស់​វាយ​ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​ ហើយ​វាយ​កូន​ទាំង​អស់​ដែល​ព្រះអង្គ​ទទួល»។​

7. ចូរ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​នឹង​ការ​នោះ​ ទុកជា​ការ​វាយ​ប្រដៅ​ចុះ​ ព្រោះ​ព្រះជាម្ចាស់​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដូច​ជា​កូន ​តើ​មាន​កូន​ឯណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ?​

8. ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ​ដែល​កូន​គ្រប់ៗ‍​គ្នា​ត្រូវ​ទទួល​ទេ​នោះ​ អ្នក​រាល់គ្នា​ជា​កូន​ក្លែងក្លាយ​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ទេ។​

9. ម្យ៉ាង​ទៀត​ យើង​មាន​ឪពុក​ខាង​សាច់ឈាម​ដែល​ជា​អ្នក​វាយ​ប្រដៅ​យើង​ ហើយ​យើង​នៅតែ​គោរព​គាត់​ទៀត​ផង​ ដូច្នេះ​ តើ​យើង​មិន​គួរ​ចុះចូល​នឹង​ឪពុក​ខាង​វិញ្ញាណ​ឲ្យ​កាន់​តែ​ខ្លាំង​ទៀត​ទេ‍​ឬ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត‍?​

10. ដ្បិត​ឪពុក​ខាង​សាច់ឈាម​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ តាម​ដែល​គាត់​យល់​ឃើញ​ថា​ល្អ​ រីឯ​ឪពុក​ខាង​វិញ្ញាណ​វិញ​ ព្រះអង្គ​វាយ​ប្រដៅ​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ គឺ​ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​បរិសុទ្ធ​របស់​ព្រះអង្គ។​

11. ពេល​មាន​ការ​វាយ​ប្រដៅ​ ពេលនោះ​ មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់​ មិន​សប្បាយ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ទើប​បង្កើតផល​ជា​សេចក្ដី​សុខសាន្ត ​និង​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺន​តាម​របៀប​នោះ។​

12. ដូច្នេះ​ ចូរ​ឲ្យ​ដៃ​ដែល​រួយ​ និង​ជង្គង់​ដែល​ខ្សោយ​នោះ​មាន​កម្លាំង​ឡើង​

13. ហើយ​ចូរ​តម្រង់​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​របស់​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ពិការ​ជើង​ត្រូវ​បែរ​ចេញ​ឡើយ​ ប៉ុន្តែ​ឲ្យ​បាន​ជា​វិញ។​

14. ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​ នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះអម្ចាស់​ឡើយ។​

15. ​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​មិន​បាន​ទទួល​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឡើយ​ ហើយ​កុំ​ឲ្យ​ឫស​នៃ​ភាព​ជូរចត់​ពន្លក​ឡើង​ ដែល​នាំ​ឲ្យ​មាន​ចលាចល​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​បរិសុទ្ធ​ដោយសារ​សេចក្ដី​ទាំង​នោះ​

16. ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​មាន​អ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ឬ​អ្នក​មិន​កោតខ្លាច​ព្រះជាម្ចាស់​ដូច​ជា​អេសាវ​ ដែល​បាន​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន​ ដោយ​ព្រោះ​អាហារ​មួយ​ពេល‍​នោះ​ឡើយ​

17. ដ្បិត​អ្នក​រាល់គ្នា​ដឹង​ថា​ ក្រោយ​មក​ នៅ​ពេល​គាត់​ចង់​បាន​ពរ​ទុក​ជា​មរតក​ នោះ​គាត់​ក៏​ត្រូវ​បាន​បដិសេធ​វិញ​ ទោះបី​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹកភ្នែក​ក៏​ដោយ​ ក៏​រក​ឱកាស​ប្រែចិត្ត​មិន​បាន​ឡើយ។​

សូមអានជំពូកពេញលេញ ហេព្រើរ 12