2. ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
3. ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។
4. អ្នករាល់គ្នាមិនទាន់តស៊ូក្នុងការតយុទ្ធនឹងបាបរហូតដល់បង្ហូរឈាមនៅឡើយទេ
5. ប៉ុន្ដែអ្នករាល់គ្នាភ្លេចការលើកទឹកចិត្ដ ដែលព្រះអង្គបានមានបន្ទូលមកអ្នករាល់គ្នា ទុកដូចជាកូនថា៖ «កូនអើយ! កុំមើលងាយការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយកុំបាក់ទឹកចិត្ដនៅពេលដែលព្រះអង្គកែតម្រង់ដែរ
6. ដ្បិតព្រះអម្ចាស់វាយប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយកូនទាំងអស់ដែលព្រះអង្គទទួល»។
7. ចូរអ្នករាល់គ្នាស៊ូទ្រាំនឹងការនោះ ទុកជាការវាយប្រដៅចុះ ព្រោះព្រះជាម្ចាស់ប្រព្រឹត្ដចំពោះអ្នករាល់គ្នាដូចជាកូន តើមានកូនឯណាដែលឪពុកមិនវាយប្រដៅនោះ?
8. ប៉ុន្ដែបើអ្នករាល់គ្នាមិនបានទទួលការវាយប្រដៅដែលកូនគ្រប់ៗគ្នាត្រូវទទួលទេនោះ អ្នករាល់គ្នាជាកូនក្លែងក្លាយ មិនមែនជាកូនពិតប្រាកដទេ។
9. ម្យ៉ាងទៀត យើងមានឪពុកខាងសាច់ឈាមដែលជាអ្នកវាយប្រដៅយើង ហើយយើងនៅតែគោរពគាត់ទៀតផង ដូច្នេះ តើយើងមិនគួរចុះចូលនឹងឪពុកខាងវិញ្ញាណឲ្យកាន់តែខ្លាំងទៀតទេឬ ដើម្បីឲ្យយើងមានជីវិត?
10. ដ្បិតឪពុកខាងសាច់ឈាមវាយប្រដៅយើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯឪពុកខាងវិញ្ញាណវិញ ព្រះអង្គវាយប្រដៅយើងសម្រាប់ជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងទទួលបានសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ។
11. ពេលមានការវាយប្រដៅ ពេលនោះ មើលទៅដូចជាព្រួយណាស់ មិនសប្បាយទេ ប៉ុន្ដែក្រោយមកទើបបង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតដល់អស់អ្នកដែលបានទទួលការហ្វឹកហ្វឺនតាមរបៀបនោះ។